ថ្នាក់ដឹកនាំក្រសួងបរិស្ថានកោតសរសើរខេត្តសៀមរាបចំពោះការគ្រប់គ្រងសំណល់ប្លាស្ទិកមិនឱ្យហូរចូលបឹងទន្លេសាប

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប 

MC.ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និង សុខភាពសាធារណៈក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប អង្គការមូលនិធិទំពាំងស្នងឫស្សីនិងអាជ្ញាធរពាក់ព័ន្ធបានប្រារព្ធទិវា អនាម័យបរិស្ថាន នៅក្នុងស្រុកសូទ្រនិគម ដើម្បីបំផុសចលនា ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន និងទីតាំងសាធារណៈនានា។

ថ្លែងក្នុងទិវា អនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ(អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ) នៅបរិវេណវត្តកំពង់ឃ្លាំង ស្ថិតនៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម នេត្រ ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នៅក្នុងចំណោមខេត្តជាប់បឹងទន្លេសាបទាំងអស់  ខេត្តសៀមរាបជាខេត្តមួយឈានមុខគេ ក្នុងការទប់ស្កាត់សំណល់ប្លាស្ទិកហូរចូលបឹងទន្លេសាប ដោយក្នុងនោះក៏មានការចូលរួមផងដែរពីសំណាក់ប្រជាពលរដ្ឋ។ឯកឧត្តមបន្តថា ប្លាស្ទិកមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាននៅជុំវិញនោះទាំងពេលបច្ចុប្បន្ន និងអនាគត ដូច្នេះនៅពេលបរិស្ថានស្អាតល្អ ក៏មានភ្ញៀវទេសចរ ចាប់អារម្មណ៍ទៅកម្សាន្តនៅតំបន់នោះ ធ្វើឱ្យប្រជាពលរដ្ឋអាចរកចំណូលបន្ថែមពីវិស័យមាសបៃតងនេះទៀតផង។

សំឡេង៖បើប្រៀបធៀបនឹងខេត្តផ្សេងទៀត ខេត្តសៀមរាបដែលបោះជំហានមុនគេទៅលើការអនុវត្តនូវការទប់ស្កាត់សំណល់ប្លាស្ទិកចូលបឹងទន្លេសាប មានន័យថាប្រភពសំខាន់ដែលបំពុលបឹងទន្លេសាបនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប គឺស្ទឹងសៀមរាបនេះឯង អ៊ីចឹងហើយបានជាយើងទប់ស្កាត់ដកហូតនូវសំណល់ប្លាស្ទិកតាំងពីដើមទីមក មកចូលក្នុងនោះកាត់បន្ថយ ហើយអ្នកនៅក្នុងសហគមន៍នេះចូលរួមទាំងអស់គ្នាទៀត អ៊ីចឹងតំបន់របស់បងប្អូនគឺមានបរិស្ថានល្អ ហើយទេសចរមកក៏គេកោតសរសើរ បងប្អូនប្រជាពលរដ្ឋថា បងប្អូននៅក្នុងសហគមន៍នេះគាត់យល់ដឹងពីបរិស្ថាន ការពារធនធានធម្មជាតិ  អ៊ីចឹងយើងត្រូវជួយគាត់មកទេសចរណ៍នៅភូមិឃុំគាត់ យកលុយឱ្យគាត់ ដើម្បីឱ្យពួកគាត់មានការតាំងចិត្តបន្តទៀត ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ។

គួរជម្រាបផងដែរថា ទិវាអនាម័យបរិស្ថានជាតិ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ក្នុងគោលបំណងបំផុសចលនា ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន និងទីតាំងសាធារណៈនានា សំដៅរួមចំណែកកសាងសង្គមកម្ពុជា មានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។ ទិវានេះត្រូវបានប្រារព្ធឡើងនៅកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកាជារៀងរាល់ឆ្នាំ៕