រដ្ឋបាល​រាជធានី និង​ខណ្ឌចំការមន ត្រៀម ធ្វើ​ពិធីសូត្រមន្ត បង្សុកូល ឧទ្ទិស​កុសល ដល់​ជនរងគ្រោះ​ស្លាប់​នៅលើ​អតីត​ស្ពាន​ពេជ្រ​គម្រប់​ខួប​១០​ឆ្នាំ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​នេះ​

AKP ភ្នំពេញ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០–
​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀប​កម្មវិធី​សូត្រមន្ត បង្សុកូល និង​រាប់បាត្រ ឧទ្ទិស​កុសល ជូន​ដល់​ជនរងគ្រោះ​ដែល បាន​បាត់​បង់ជីវិត នៅលើ​ស្ពាន​ពេជ្រ គម្រប់​ខូ​ប ១០​ឆ្នាំ (២២​វិច្ឆិកា ២០១០- ២២​វិច្ឆិកា​២០២០) ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​លើ​អតីត​ស្ពាន​ពេជ្រ កាលពី យប់​ថ្ងៃទី​២២ វិច្ឆិកា​២០១០ ឬ​ថ្ងៃទី​៣ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ។

​នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹង ពី​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១​វិច្ឆិកា​។​ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ចំការ មន ជា​អ្នករៀបចំ​ធ្វេ​ី​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​ថ្ងៃទី​២២​ខែ វិច្ឆិកា​នេះ ។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ​ឱ្យ​អភិបាល ខណ្ឌចំការមន លោក ថេ​ង សុ​ថុល រៀបចំ​ប្រារព្ធ​ពិធីសូត្រមន្ត​បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ​ទៅតាម​ប្រពៃណី ព្រះ ពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះ​ពេជ្រ ដែល​ប្រព្រឹត្ត ទៅ​នៅ​ព្រឹក​ថ្ងៃទី ២២​ខែវិច្ឆិកា​ឆ្នាំ​២០២០ ។ ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នេះ​ធ្វើ​នៅខាងមុខ​ស្តូប​រឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ស្ថិតនៅ​ជាប់​ស្ពាន​នាគ​នៃ​តំបន់​កោះ​ពេជ្រ ជាទី​ដែល​ជនរងគ្រោះ​បាន​បាត់បង់​ជីវិត​កាលពី​១០​ឆ្នាំមុន ដែល មានការ​ចូលរួម​ពី មន្ត្រីរាជការ​, អាជ្ញាធរ​ដែនដី​,​សាច់ញាតិ​ក្រុមគ្រួសា​របស់​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​ទៀតផង​ដែរ ។​

​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១០​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ មាន​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​បានកើត​ឡើង​នៅលើ​ស្ពាន​កោះ​ពេជ្រ បណ្តាលឱ្យ​មនុស្ស​ស្លាប់​៣៥៣​នាក់ និង​រងរបួស​ជាង​៤០០​នាក់​ផងដែរ ៕ ដោយ​៖ សួស សំរិត សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​