ក្រុមប្រឹក្សាជាតិគាំពារសង្គម ជួបប្រជុំជាមួយរដ្ឋបាលខេត្តប៉ៃលិន ដើម្បីវាយតម្លៃលទ្ធផលការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖

ក្រោមការចង្អុលបង្ហាញ និងដោយមានការចាត់តាំងពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រុមការងារដែលដឹកនាំដោយឯកឧត្តម បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តប៉ៃលិន តំណាងដោយលោក ហែម ឫទ្ធី អភិបាលរងខេត្តប៉ៃលិន ដើម្បីវាយតម្លៃ លទ្ធផលការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តផង។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាគាំពារ សង្គម បានមានប្រសាសន៍ថា៖ បេសកកម្មនេះ គឺជាផ្នែកមួយនៃការវាយតម្លៃការអនុវត្តកម្មវិធីជំនួយសង្គមនានា របស់ រាជរដ្ឋាភិបាល ដែលបានដឹកនាំដាក់ឱ្យអនុវត្ត ដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ជាពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដែលបានអនុវត្តក្នុងរយៈពេល០៥ខែកន្លងមក ស្របពេលដែលរាជរដ្ឋាភិបាល បានសម្រេចបន្តអនុវត្តន៍កម្មវិធីជំនួយសង្គមពិសេសនេះ រយៈពេល ០២ខែបន្ថែមទៀត ហូតដល់ដំណាច់ឆ្នាំ២០២០ និងបន្តឃ្លាំមើលជាប្រចាំ នូវឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះលើជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តមបានកោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលបានអនុវត្តន៍សាច់ប្រាក់ ជូនគ្រួសារក្រីក្របានល្អ និងតែងតែចុះសាកសួរសុខទុក្ខ ចែកអំណោយដល់ពលរដ្ឋនៅទូទាំងខេត្តប៉ៃលិន ដោយមិនប្រកាន់ បក្សពួក ឬនយោបាយអ្វីឡើយ ដែលនេះបង្ហាញពីការដឹកនាំដែលមានសាមគ្គីភាពល្អគួរឱ្យកត់សម្គាល់ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
លោក ហែម ឫទ្ធី អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ក្នុងអំឡុងជំងឺកូវីដ-១៩ នេះ រដ្ឋបាលខេត្តប៉ៃលិនបាន គិតគូរខ្ពស់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រ រងគ្រោះ នៅទូទាំងខេត្តប៉ៃលិន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។ លើសពីនោះរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន តែងតែចុះតាមមូលដ្ឋាន ដោយផ្ទាល់ នឹងបានចែកអំណោយជូនគ្រួសារក្រីក្រពិតប្រាកដ ដោយមិនប្រកាន់បក្សពួកនយោបាយពណ៌សម្បុរអ្វីនោះ ឡើយ។ លោកអភិបាលរងខេត្តបានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានចុះមកទស្សនកិច្ចនៅខេត្ត ប៉ៃលិន និង សិក្សាស្វែងយល់បន្ថែមទៀត អំពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ៕ លោក កុល កាយណា­