កម្ពុជា-ចិនចុះMOU ជំរុញវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និងវិស័យដឹកជញ្ជូនទំនិញ ក្រោយជំងឺកូវីដ-១៩ ធូរស្រាល

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញប្រទេសកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម អាមេរិក-អឺរ៉ុប របស់ប្រទេសចិន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីជំរុញឲ្យមានទំនាក់ទំនង ការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និងវិស័យដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដោយពិធីចុះ MoU នេះ បានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ អនឡាញ។
គោលដៅសំខាន់នៃ MOU គឺចង់ឲ្យមានការធ្វើទំនាក់ទំនងកាន់តែជ្រៅ រវាងអ្នកវិនិយោគចិន និងកម្ពុជា។ អ្វីដែលភាគីចិនចង់បាននោះ គឺចង់ឲ្យមានការណែនាំពីការនាំទំនិញពីប្រទេសចិនចូលមកកាន់ប្រទេសកម្ពុជា ហើយសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញកម្ពុជាក៏ចង់ឲ្យមានការណែនាំពីការនាំទំនិញពីកម្ពុជា ចូលទៅកាន់ប្រទេសចិនវិញ នេះបើតាមលោក ជា ចាន់ដារា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ ថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ក្នុងរាជធានី ភ្នំពេញ។
លោកបន្តថា ចំពោះការសហការគ្នានេះ ក្រោយផុតជំងឺកូវីដ-១៩ គឺភាគីទាំងពីរចង់ឲ្យមានការដឹកនាំក្រុមអ្នកដែលចង់ វិនិយោគទៅប្រទេសចិន ឬចង់ទិញទំនិញពីប្រទេសចិន អាចទៅដល់រោងចក្រផ្ទាល់នៅចិន ខណៈភាគីខាងចិនក៏ធ្វើបែប នេះដែរ ពោលគឺអ្នកដែលចង់មកវិនិយោគនៅកម្ពុជា ឬចង់ទិញទំនិញពីកម្ពុជា អាចមកដល់ផ្ទាល់នៅតាមរោងចក្រក៏បាន។ MoU មួយនេះថែមទាំងជាស្ពានសម្រាប់រៀបចំឱ្យមានការណាត់ជួបរវាង អ្នកវិនិយោគ និងអ្នកវិនិយោគ នៃប្រទេសទាំងពីរ ដើម្បីពិភាក្សាលើការងារវិនិយោគផងដែរ។ បើតាមលោក ជា ចាន់ដារ៉ាឱ្យដឹងថា តាំងពីកូវីដ-១៩ចូលមក វិស័យដឹកជញ្ជូន ទំនិញមានការធ្លាក់ចុះ។ បញ្ហាធ្លាក់ចុះដោយសារ ពេលទំនិញត្រូវបញ្ជូនចេញ ប្រទេសក្រៅមួយចំនួនអត់ទទួលទេ។ បញ្ហាមួយទៀត អ្នកដែលបានបញ្ជារទិញហើយ ខ្វះគ្រឿងបន្ទាប់បន្សំ។ ទោះយ៉ាងណា ចាប់តាំងពីស្ថានភាពកូវីដ-១៩ នៅកម្ពុជាបានថយចុះ ការដឹកជញ្ជូនទំនិញក៏ចាប់ផ្តើមកើនឡើងវិញផងដែរ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញក៏បានណែនាំក្នុងនាមជាអ្នកយល់ដឹងខាងផ្នែកដឹកជញ្ជូនថា អ្នកដែលចង់បញ្ជាទិញទំនិញពីប្រទេសក្រៅ សូមព្យាយាមទាក់ទងឱ្យបានច្បាស់លាស់ រវាងអ្នកទិញហើយនិងអ្នកលក់ ពីព្រោះលោកមើលឃើញថា បន្ទាប់ពីមានកូវីដ-១៩ ការហោះហើរទៅប្រទេសដទៃ ក្នុងការទៅមើលទំនិញផ្ទាល់ គឺ មិនមានទេ។ ប្រការនេះហើយ ធ្វើឱ្យការទិញលក់ អាចប៉ះពាល់ ឬមានការបោកប្រាស់ ហើយករណីជាក់ស្តែង ក៏ធ្លាប់មានកើតឡើងផងដែរ៕