អង្គការ​សុខភាព​ពិភពលោក កោតសរសើរ​កម្ពុជា ដែល​បាន​ឆ្លើយតប​យ៉ាង​ល្អប្រសើរ​ចំពោះ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា​

AKP ភ្នំពេញ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ —

​លោក​វេជ្ជបណ្ឌិត តាក់​កឺ​ស៊ី កា​សៃ (Dr. Takeshi Kasai) អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាងលិច បាន​ថ្លែង​កោតសរសើរ និង​ចូលរួម​អបអរសាទរ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ឆ្លើយតប​ត្រឹម​ត្រូវជា​គំរូ​ក្នុង​សុខភាព​សាធារណៈ និង​អនុវត្តបាន​យ៉ាង​មាន​ប្រសិទ្ធភាព តាមរយៈ​ការធ្វើសកម្មភាព​បានរ​ហ័ស ក្នុងការ​រុករក​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ដោយបាន​ធ្វើ​អន្តរាគមន៍​ចំ​ចំណុច​បានល្អ​ប្រសើរ​។​

​ក្នុងន័យ​កោតសរសើរ​ស្រដៀង​គ្នា​នេះ​ផងដែរ លោកស្រី​វេជ្ជបណ្ឌិត លី អាន​លែ​ន (Dr. Li Ailan) តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា តាមរយៈ​បណ្តាញ​សង្គម twitter បានឱ្យដឹងថា​៖ “​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​កម្ពុជា ក្នុងការ​គ្រប់គ្រង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា យ៉ាង​មាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​កម្ពុ​ជាមាន​សុវត្ថិភាព​ពី​រី​រុស​កូ​វីដ​-១៩​នេះ​។ ការ​ឆាប់​រកឃើញ ការឆ្លើយតប​រហ័ស ជាមួយនឹង​អន្តរាគមន៍​ដែលមាន​គោលដៅ​ច្បាស់លាស់ គឺជា​កត្តាចាំបាច់​នាំមក​នូវ​ជោគជ័យ​!”​។​

​គួររម្លឹកថា ព្រឹត្តិការណ៍ ថ្ងៃ​០៣ វិច្ឆិកា បាន​កើតឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែល​ធ្វើឱ្យ មនុស្ស​ចំនួន ០៤​នាក់ ឆ្លង​វីរុស​កូ​វីដ​-១៩៕ ​ដោយ​៖ ផែន រតនៈ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​