រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជំរុញឱ្យប្រធានមន្ទីរមុខងារសាធារណៈថ្មី ត្រូវខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ ខិតខំឱ្យអស់ពីសមត្ថភាព

 

វិទ្យុជាតិកម្ពុជា៖ លោកស្រីធីណាឌីនេ

កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជំរុញឱ្យប្រធានមន្ទីរមុខងារសាធារណៈថ្មី ដែលទើបឡើងកាន់តំណែង ត្រូវខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងខិតខំឱ្យអស់ពីសមត្ថភាព ។

លោក ថៃ ពិសិដ្ឋ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម ជំនួសលោកម៉ម ភឿក ដែលត្រូវទទួលភារកិច្ចថ្មី ។ 

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធាមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម នាថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានណែនាំ ប្រធានមន្ទីរមុខងារសាធារណៈ ដែលទើបនឹងឡើងកាន់តំណែង ត្រូវខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ ខិតខំឱ្យអស់ពីសមត្ថភាព ក្នុងស្មារតីទទួល ខុសត្រូវ ចំពោះថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត លើវិស័យរបស់ខ្លួន ។ ម្យ៉ាងទៀត ត្រូវខិតខំយកចិត្តទុកដាក់លើ មន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលជាកត្តាសំខាន់ក្នុងការអនុវត្តតួនាទីភារកិច្ច ឱ្យទទួលបានលទ្ធផលល្អប្រសើរ ។  ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញបន្ថែមទៀត ដល់ប្រធានមន្ទីមុខងារសាធារណៈថ្មី ត្រូវខិតខំរៀនសូត្រ ស្គាល់អំពីបុគ្គលិក ក្នុងអង្គភាពរបស់ខ្លួន ដើម្បីមានយុទ្ធសាស្ត្រក្នុងការដឹកនាំអង្គភាពឱ្យបានល្អ  ពោលគឺអនុវត្តតាមពាក្យចាស់បុរាណដែលថា (វៀចធ្វើកង់ ត្រង់ធ្វើកាំ) ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  ក៏បានផ្ដាំផ្ញើសូមឱ្យលោកប្រធានមន្ទីរថ្មីបន្តនិរន្តរភាព ការងារ នឹងត្រូវរក្សាសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ ត្រូវមានរបៀបរបបបំពេញការងារឲ្យបានត្រឹមត្រូវ តាមនីតិវិធី និង សេចក្តីណែនាំផ្សេងៗ ។ ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការ ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬលិខិតបទដ្ឋាន គតិយុត្តជាធរមាន ។ ពិសេសត្រូវមានការសហការល្អជាមួយអង្គភាពមន្ទីរជុំវិញខេត្ត និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ និងត្រូវមានគំនិតផ្ដួចផ្ដើមសិក្សាស្រាវជ្រាវ ស្វែងយល់អំពីច្បាប់ និងលិខិតបទដ្ឋានផ្សេងៗបន្ថែមទៀត ហើយត្រូវ យកចិត្តទុកដាក់កែលម្អសោភ័ណភាព អនាម័យបរិស្ថានក្នុងនិងខាងក្រៅបរិវេណអង្គភាពឱ្យបានល្អ ៕