ឯកឧត្តម សុខ ចិន្តាសោភា បើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់ការឯកភាពលើ​សូច​នា​ករគន្លឹះ​​កម្រិតយុទ្ធសាស្ត្រ​និងកម្រិតវិស័យ​ សម្រា​ប់ការតាមដាន និង​វាយ​ត​ម្លៃ​កា​រ​អ​នុ​វ​ត្ត​គោ​ល​ន​យោបាយ IDP

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ​អ​ម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បី​ពិ​និត្យ និងផ្តល់ការឯកភាពលើ​សូចនាករគន្លឹះ​កម្រិតយុទ្ធសាស្ត្រ​និងកម្រិតវិស័យ​ សម្រា​ប់​កា​រ​តា​មដាន និងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២​០​១​៥-២០២៥ (IDP) ដែលបានកែសម្រួល។ ​នេះបើតាមផេកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.​ស​.​២៥​៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះ មានគោ​ល​បំ​ណ​ងសំខាន់ ដើម្បីស្នើសុំការឯកភាពពីក្រសួង ស្ថាប័នដែ​លមា​ន​ស​មត្ថកិច្ចពាក់ព័ន្ធ​នឹ​ង​សូ​ច​នា​ករគន្លឹះដែលត្រូវបានកាត់បន្ថយ ស្របតាមការណែនាំរបស់កិច្ចប្រ​ជុំគណៈកម្មាធិការគោ​ល​ន​​យោបាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ និ​ង​ចំ​ណា​រ​ឯ​កភា​ព​ដ៏​ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រ​ដ្ឋ​ម​ន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា ដែលបានស្នើឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យកែសម្រួល និងកាត់​ប​ន្ថ​យ​ចំ​នួ​ន​សូ​ច​​នា​ក​រ​គ​ន្លឹះ​ក​ម្រិ​ត​យុ​ទ្ធសាស្រ្ត និងកម្រិតវិស័យ ដោយរ​ក្សាទុក​តែសូ​ច​នា​ករ​គ​ន្លឹះ​ណា​ដែ​ល​អា​ចប្រមូលបាននូវទិន្នន័យដែលមានគុណភាពសមស្រប និងមានភាពពាក់ព័​ន្ធខ្លាំងទៅនឹ​ងគោ​លបំណង និងអន្តរាគមន៍គោលនយោបាយរបស់គោលនយោបាយ IDP។

ការ​កា​ត់បន្ថយចំនួនសូចនាករគន្លឹះ ផ្អែកលើមូលដ្ឋានចំនួន៤ គឺភាពចាំបាច់ ប្រភ​ព​ទិ​ន្ន​ន័​យ ភាព​ពាក់ព័ន្ធ និងភាពស្ទួនគ្នានៃសូចនាករ ដើម្បីដា​ក់ជូនអង្គ​ប្រជុំ​អ​ន្ត​រ​ក្រ​សួ​ង​ពិ​និ​ត្យ​ពិ​ភា​ក្សា​។ ជាលទ្ធផល អង្គប្រជុំបានផ្តល់ការឯកភាពលើការកែសម្រួល និងកាត់បន្ថ​យចំ​នួន​សូ​ច​នា​ក​រគន្លឹះនេះ ព្រមទាំងបានផ្តល់ធាតុចូលមួយចំនួន សម្រាប់​កា​រ​កែ​សម្រួល​សូ​ច​នា​ក​រ​គ​ន្លឹះ​មួ​យ​ចំនួនជាចុងក្រោយ៕
ដោយៈ គង់ សិរីរ័ត្ន, រូបថតៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា