គ.ជ.ប គ្រោងបិទផ្សាយឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត នាចុងសប្តាហ៍ក្រោយ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ១១ ២០២០


MC: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានប្រកាសថា បញ្ជីបោះឆ្នោតឆ្នាំ២០២០ និងបញ្ជីឈ្មោះ អ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នឹងត្រូវបិទផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា នាចុងសប្តាហ៍ក្រោយនេះ។
ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជី ឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត គឺមានគោលបំណងឱ្យប្រជាពលរដ្ឋទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និង ទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងការកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬប្តឹងជំទាស់ ។
ឯកឧត្តម មានប្រសាសន៍ថា ជនណាក៏ដោយ មានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទាក់ទងនឹង បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល៥ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ ពោលគឺរហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃចុងក្រោយ។ ឯកឧត្តម បន្តថា ការប្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវទិន្នន័យ ពាក់ព័ន្ធ ឬព័ត៌មានដែលពលរដ្ឋបានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ ។ ចំណែកការប្តឹងជំទាស់ អាចធ្វើឡើង ចំពោះបុគ្គលណាម្នាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជី បោះឆ្នោត និងចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង។ ឯកឧត្តមអំពាវនាវឱ្យ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងមានបិទផ្សាយនៅតាមសាលា ឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស ព្រមទាំងមានផ្សព្វផ្សាយតាមគេហទំព័រ គ.ជ.ប voterlist.ec.gov.kh ។
យោងតាមរបាយការណ៍បឋមរបស់គ.ជ.ប បានបង្ហាញថា ចំនួនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គិតត្រឹមឆ្នាំ២០២០នេះ មានសរុប៨.៨៣៤.៧៥២នាក់ ខណៈអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន​ជាង១៥២.០០៤នាក់៕