កសិករនៅ​សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​ទទួលបានគ្រាប់ពូជដំណាំ​ ជាអំណោយរបស់ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន

​AKP បន្ទាយមានជ័យ​ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០
​ប្រជាកសិករចំនួន១៣គ្រួសារ ដែលទទួលរងការខូចខាតដោយសារគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងក្នុង​ខែតុលាកន្លងមកនេះ នៅភូមិសុខសាន្ត សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលគ្រាប់ពូជដំណាំជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុម ការងារចុះមូលដ្ឋាន​ខេត្តបន្ទាយមានជ័យដើម្បីស្តារការដាំដុះឡើងវិញ។

​អំណោយនេះត្រូវបានឯកឧត្តម​ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងប៉ោយប៉ែតនិង ​ក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានក្រុង ប៉ោយប៉ែតជាច្រើនរូបទៀតផងដែរ បាននាំយកទៅចែកជូនដល់​កសិករកាលពី​ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

​ក្នុងឱកាសនោះ ឯកឧត្តម ឡាយ គឹមលី បាននាំនូវការសាកសួរសុខទុក្ខពី សំណាក់ថ្នាក់ដឹកនាំ ពិសេសឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក​ជំទាវ ដែល តែងតែគិតគូពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់គ្នាគ្រប់កាលៈទេសៈ ដោយ ឯកឧត្តម និងលោកជំទាវ បានផ្សាភ្ជាប់សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់លោក។

​ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យឯកឧត្តម ​ ឡាយ គឹមលី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបន្តចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិ​បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបន្តការអភិវឌ្ឍ មូលដ្ឋានមានការរីកចម្រើនកាន់តែឆាប់រហ័សនោះ។

​ឯកឧត្តមក៏នូវបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋបន្តថែរក្សាសុខភាព ចូលរួមឱ្យបាន សកម្មបង្ការរោគរាតត្បាតផ្សេងៗពិសេសជំងឺកូវីដ១៩ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធាន របស់ក្រសួងសុខាភិបាល និងបន្តប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន នៅសហគមន៍មូលដ្ឋាន។

​​សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាឱកាសនោះរួមមាន ផ្ទះចាំចម្ការ ចំនួន៤ខ្នង អង្ករ មី ត្រីខ ទឹកត្រី ភួយ ទឹកបរិសុទ្ធ និងគ្រាប់ពូជដំណាំជាច្រើនទៀតផងដែរ៕
ដោយឈុនសារ៉ាត