ប្រជាកសិករខេត្តតាកែវ កំពុងមមាញឹកដាំដំណាំរួមផ្សំ បន្ទាប់ពីបញ្ចប់ការប្រមូលផលស្រូវវស្សារួច

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ


MC៖ ប្រជាកសិករខេត្តតាកែវ កំពុងមមាញឹកដាំដំណាំបន្ទាប់បន្សំ ក្រោយពីបញ្ចប់ការប្រមូលផលស្រូវរដូវវស្សារួចរាល់ ដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃបងប្អូនកសិករយើង ពិសេសបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយការនាំចូល ពីខាងក្រៅ។

លោក ញិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការប្រមូលផល ស្រូវវស្សារួចរាល់មក ប្រជាកសិករក្នុងខេត្តតាកែវ បានបន្ដដាំដំណាំបន្ទាប់បន្សំជាច្រើនមុខទៀត ដូចជា ដំឡូងមី ដំឡូងឈ្វា សណ្តែកដី សណ្តែកបាយ ពោត ឪឡឹក និងបន្លែផ្លែឈើជាច្រើនទៀត ដើម្បីផ្គត់ផ្គង់ជីវភាពផង និងទីផ្សារផង ឱ្យគ្រប់គ្រាន់ តាមតម្រូវការ។ លោកប្រធានមន្ទីរបន្ថែមថា ក្រៅពីការដាំដំណាំបន្ទាប់បន្សំ ប្រជាពលរដ្ឋក៏បានចិញ្ចឹមត្រី ជ្រូក មាន់ ទា សម្រាប់បំពេញតម្រូវការហូបចុក របស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងការនាំចេញទៅតាមបណ្តាខេត្តផ្សេងទៀតផងដែរ ។ លោកប្រធានមន្ទីរបានបន្ដថា ប្រជាកសិករនៅក្នុងខេត្តតាកែវ ក៏បានចងក្រងជាសហគមន៍បានចំនួន១៥១ និងបង្កើតជា បណ្តុំអាជីវកម្មបានចំនួន៩៩កន្លែង ដើម្បីបង្កភាពងាយស្រួល ក្នុងការស្វែងរកទីផ្សារក្រោយពួកគាត់ទទួលបានផល។
«ដល់ពេលច្រូតស្រូវហើយខែ១២ ខែ១ហ្នឹង អ៊ីចឹងគាត់ចាប់ផ្តើមដាក់បន្លែទៀតហើយ ពីមុនយើងធ្វើស្រែបានតែ ម្ដងៗទេ ប៉ុន្ដែឥឡូវនេះគឺកន្លែងមួយចំនួនមានប្រភពទឹកច្រើនយើងអាចធ្វើស្រែបាន ២ ដងទៅ ៣ដង ហើយបន្ទាប់ពីស្រូវទៅ គឺគេដាំបន្លែថែមទៀត គឺមិនទុកដីឱ្យនៅទំនេរចោលនោះទេ»។
សូមបញ្ជាកថ់ា ខេត្តតាកែវ គឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម ដែលមានប្រជាពលរដ្ឋប្រមាណ៧៩ភាគរយ ប្រកបរបរធ្វើស្រែចម្ការ នេសាទ និងចិញ្ចឹមសត្វ ៕