អភិបាលខេត្តព្រះវិហារ សុំឱ្យពន្លឿនការរៀបចំប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារ សម្រាប់ចក្ខុវិស័យ ឆ្នាំ២០៣៥

AKP ព្រះវិហារ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០
គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យ ឆ្នាំ២០៣៥ ដើម្បីសុំការសម្រេចពីថ្នាក់ជាតិ ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត​ព្រះវិហារ​ និងជាប្រធានគណៈកម្មាធិការ ដោយមាន​ការអញ្ជើញចូលរួមពី នាយក​រដ្ឋ​បាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំគឺដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យឆ្នាំ២០៣៥ ជូនសមាជិកគណៈកម្មាធិការ។ ជាមួយគ្នានោះ ឯកឧត្តម បានដាក់ចេញនូវគោលការណ៍ដល់សមាជិកអនុវត្តន៍បន្តគឺ ក្រុមការងារបច្ចេកទេសរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្រុងព្រះវិហារ សហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនឱ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់ជាមូលដ្ឋានដើម្បីដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មក្រុង និងខេត្តព្រះវិហារ ព្រមទាំងបញ្ជូនសុំការសម្រេចពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ពិនិត្យ និងសម្រេច។

ឯកឧត្តមអភិបាលក៏បានបន្ថែមថា រាល់ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍផ្សេងៗក្នុងក្រុងព្រះវិហារ សូមឱ្យអនុលោមទៅតាមប្លង់គោលដែលបានពិនិត្យ និងកែសម្រួលរួចរាល់ក្នុងកិច្ចប្រជុំនាពេលនេះ រហូតដល់មានការប្រើប្រាស់នូវប្លង់គោលការប្រើប្រាស់ដីធ្លីក្នុងក្រុងព្រះវិហារ ជាផ្លូវការ ៕ ដោយ ទិត ស្រ៊