ពិធីប្រកាសចូលកាន់តំណែង​អភិបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

​AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០

​លោក អែម សុខា ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកថ្មពួក ជំនួសលោក ​ឌៀប ឈួន ដែល​ត្រូវទៅកាន់ជាអភិបាលស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ។

​ពិធីប្រកាសចូលកាន់តំណែងនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២នេះ ​ក្រោមវត្ត មានអញ្ជើញ ចូលរួមលោកជំទាវ​ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្ដម សុខ ភាព រដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ​នឹងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត។
​​ក្នុងឱកាសនោះ អភិបាលខេត្ត​បន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានថ្លែង​ក្រើនរម្លឹក​អភិបាលស្រុកថ្មពួក ដែលទើបឡើងកាន់តំណែងថ្មី ត្រូវបន្ត និរន្តរភាពការងារនឹងត្រូវ រក្សាសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ ត្រូវមានរបៀបរបបបំពេញការងារឱ្យបានត្រឹមត្រូវ តាមនីតិវិធីនិងសេចក្តីណែនាំផ្សេងៗខិតខំយកចិត្តទុកដាក់លើមន្ត្រីក្រោមឱវាទរបស់ខ្លួន ដែល ជាកត្តាសំខាន់ក្នុងការអនុវត្តតួនាទីភារកិច្ចឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានការបែង ចែកភារកិច្ចដល់មន្ត្រីរបស់ខ្លួន និងត្រូវមានផែនការច្បាស់លាស់នៅពេលមានបញ្ហាដែលត្រូវ រួមគ្នាដោះស្រាយ។

ជាមួយនោះដែរ អភិបាលខេត្តបន្ទាយមានជ័យបានជំរុញអាជ្ញាធរដែនដីគ្រប់ លំដាប់ ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តការអនុវត្តគោលនយោបាយភូមិ ឃុំ​មានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការទប់ស្កាត់ និងបង្រ្កាបឱ្យបាន ចំពោះបទល្មើស គ្រប់ប្រភេទជា​ពិសេសបទល្មើសប្លន់ប្រដាប់អាវុធគ្រឿងញៀនល្បែងស៊ីសង និងត្រូវបន្ត ពង្រឹងកិច្ចសហប្រតិ​បត្តិការឱ្យបានល្អប្រសើរ ជាមួយប្រទេសជិតខាងយើង គឺប្រទេសថៃ ពិសេសស្រុកដែលមានភូមិសាស្ត្រជាប់គ្នា ដើម្បីរួមគ្នាថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ ត្រូវបង្កើនការចុះធ្វើវេទិកា សាធារណៈ ស្តីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានទូលំទូលាយ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ហើយចូលរួមទាំងអស់គ្នា។

​ការងារដែលសំខាន់ទៀតនោះ គឺត្រូវតែរួមគ្នាគិតរួមគ្នាធ្វើក្នុងការបន្ត ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានក្រសួងសុខាភិបាល។ ត្រូវបន្តការយក ចិត្តទុកដាក់ក្នុងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យ បានលឿនទាន់ពេលវេលា ដើម្បីបង្កើនជំនឿរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់រាជ រដ្ឋាភិបាលសំដៅចូលរួមអភិវឌ្ឍន៍មូលដ្ឋានយើងឱ្យកាន់តែមានការរីកចម្រើនថែម​ទៀត៕
ដោយឈុនសារ៉ាត