រដ្ឋាភិបាលអាម៉េរិកបង្ហាញថា ចំនួននិស្សិតកម្ពុជា កំពុងសិក្សា​នៅសហរដ្ឋអាមេរិក មានការកើនឡើងខ្ពស់

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០–
​បើយោងតាមរបាយការណ៍​ថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញឱ្យ​ដឹងថា ចំនួន​និស្សិត​ដែល​បាន​សិក្សា​​នៅក្នុង​មហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅ​សហ​រដ្ឋអាមេរិក ដែលបាន​កើន​ឡើង​ខ្ពស់នៅឆ្នាំ ២០១៩-២០២០ ដោយមានកំណើន ៨,៣​ភាគរយ លើសឆ្នាំលើសឆ្នាំមុន ក្នុងនោះនិស្សិតកម្ពុជាសិក្សាក្នុងឆ្នាំ ២០២០ មានចំនួន ៧៤២ នាក់ បើប្រៀបធៀបជាមួយឆ្នាំ២០១៨-២០១៩ គឺមានការកើនឡើង។ នេះបើយោង​តាម​សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

​ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា បើយោងតាមរបាយការណ៍ Open Doors ឆ្នាំ ២០២០ ស្តីពី​ការផ្លាស់​ប្តូរ​​ផ្នែក​សិក្សា​អប់រំ​អន្តរជាតិ ​បាន​បង្ហាញ​​ឱ្យ​ឃើញ​ថា និស្សិត​កម្ពុជា​ចំនួន ៧៤២ នាក់បានរៀន​នៅក្នុងមហាវិទ្យាល័យ និង​សាកល​វិទ្យាល័យ ក្នុង​សហរដ្ឋ​អាមេរិក ​ដែល​ជាកំណើនលើសឆ្នាំ ២០១៨-២០១៩ ដែលមានចំនួន ៦៨៥ នាក់។ ចំនួន​នេះ បន្តនិន្នាការ វិជ្ជមាន ដែលមាន​នៅក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។

ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “នេះជាព័ត៌មានដ៏ប្រពៃ និងគួរឱ្យលើកទឹកចិត្ត។ យើងក៏រីករាយ​ផង​ដែរ ដែល​និស្សិត​កម្ពុជា​មើលឃើញពីតម្លៃពិតប្រាកដ​នៃផ្នែកឧត្តមសិក្សា​របស់​អាម៉េរិក ហើយ​ការ​មាន​និស្សិត​ខ្មែរ​សិក្សា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ គឺជាការល្អសម្រាប់​ប្រទេសយើង​ទាំងពីរ ហើយ​វា​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជន​របស់​យើង”។ ឯកឧត្ដម​ឯកអគ្គរដ្ឋទូតបានបន្ដថា សហរដ្ឋអាមេរិកគឺជាគោលដៅទី១ នៅក្នុងពិភពលោក សម្រាប់​និស្សិតអន្តរជាតិ ដោយ​មាន​និស្សិត​អន្តរជាតិ​ចំនួនជាង ១ លាននាក់ នៅឆ្នាំ ២០១៩ – ២០២០។

​ឯកឧត្ដមបានលើកឡើងថា ស្ថានទូត​នៃសហរដ្ឋអាមេរិកនៅកម្ពុជា ជំរុញឱកាស​សម្រាប់ឱ្យនិស្សិតកម្ពុជា បានសិក្សា​នៅ​សហរដ្ឋ​អាមេរិក តាមរយៈមជ្ឈមណ្ឌល EducationUSA របស់ខ្លួន និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ស្ថានទូតថែមទាំងជំរុញឱកាសនេះផងដែរ តាមរយៈសកម្មភាព​នៅតាម​បណ្ណាល័យ​របស់​ស្ថានទូត ដែល​ស្ថិត​នៅ​តាម​ទីតាំងចំនួន ៤ នៅក្នុងប្រទេសកម្ពុជា និងនៅ​តាមសាលានានា​ ទូទាំង​ប្រទេស។
ឯកឧត្ដម W. Patrick Murphy បានបន្ថែមថា ស្ថានទូតសហរដ្ឋអាមេរិកមាន​ទំនាក់​ទំនងជាមួយនិស្សិតកម្ពុជា ពីព្រោះ​ការអប់រំ​អន្តរជាតិ​ជំរុញ​ទំនាក់​ទំនង​យូរអង្វែង និងការ​ផ្លាស់ប្តូរចំណេះដឹងគ្នា រវាងសហគមន៍​ក្នុងសហរដ្ឋអាមេរិក និង​ប្រទេស​នានា នៅ​ទូទាំង​ពិភពលោក។ ទន្ទឹមនេះ និស្សិតអន្តរជាតិធ្វើឱ្យថ្នាក់រៀន សាលារៀន និងសហគមន៍​នានា​មាន​ភាព​ចម្រុះ​គ្រប់បែបយ៉ាង ដែលនៅតែបន្តផ្តល់លទ្ធផល ទោះបី​ជាពួក​គេ​ត្រឡប់​មក​មាតុភូមិ​វិញ​យូរ​ហើយ​ក្តី។

​សូមបញ្ជាក់ថា នេះជារបាយការណ៍ Open Doors ដែលត្រូវបានចេញផ្សាយ ប្រចាំ ឆ្នាំ​ដោយវិទ្យាស្ថានអប់រំអន្តរជាតិ ដោយ​សហការ​ជាមួយការិយាល័យកិច្ចការអប់រំ និង វប្បធម៌ ​នៃក្រសួងការបរទេសសហរដ្ឋអាមេរិក៕ដោយ រិទ្ធី