ក្រសួងការងារ ជូនដំណឹងអំពីការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ លើកទី៣៧ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា


ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងអំពីការផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ លើកទី៣៧ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសជូនដំណឹងដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ចំនួន ជិត ៩ ០៥១ នាក់ នៅតាមរោងចក្រ សហគ្រាសចំនួន៦៦ ឱ្យដឹងថា ធនាគារឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេល កន្លងមក។
ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៦០៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ, ១២១៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ , ១៦២០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។
សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល ២ខែ ប្រាក់ឧបត្ថម្ភនឹងត្រូវបើកជា ២លើក ដោយលើកទី២ នឹងបើកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។
សូមជម្រាបថា ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបាន សារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ហើយការបើកប្រាក់មិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ឧបត្ថម្ភនេះ។
ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង ៦៦ នេះ មិនបានទទួលសារទូរស័ព្ទ ពីធនាគារឯកទេសវីង នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន ៕