ខេត្តកំពង់ចាម រៀបចំពិធីប្រកាសចូលកាន់តំណែងថ្មីរបស់ប្រធានមន្ទីរមុខងារសាធារណៈ

AKP កំពង់ចាម ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០

​នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម បានរៀបចំពិធីប្រកាសចូល កាន់តំណែងរបស់ប្រធានមន្ទីរមុខងារសាធារណៈខេត្ត ក្រោមអធិបតីភាពឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

​យោងតាមប្រកាសរបស់ក្រសួងមុខងារសាធារណៈបានប្រកាសតែងតាំងលោក ថៃ ពិសិដ្ឋ ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពង់ចាមថ្មី ជំនួសលោក ម៉ម ភឿក ដែលត្រូវបានទៅបំពេញការងារនៅក្រសួងមុខងារសាធារណៈ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសកម្មភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ មុខងារសាធារណៈទាំអស់ ដែលបានខិតខំបំពេញភារកិច្ចសម្រេចបានជោគជ័យ និងស្នាដៃ ធំធេងជូនក្រសួង ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត ក្នុងការចូលរួមចំណែកសម្រេចបាននូវ ទិសដៅយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិមាន ការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។

​ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានធ្វើការណែនាំដល់ប្រធាន​មន្ទីរ​ ដែល​ទើប​ទទួល​បាន​ការ​ប្រគល់​ភារកិច្ច​ថ្មី​ ត្រូវ​ខិតខំ​បំពេញ​ការងារ​ឱ្យ​អស់​ពី​សមត្ថភាព​ លទ្ធភាព​ ទេពកោសល្យ​ ការ​ប៉ិនប្រសប់​ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់​រស់​រវើក​ ក្នុង​ស្មារតី​យក​ចិត្ត​ទុកដាក់​ ​ក្នុង​ការ​​ដឹកនាំ​ និង​ភាពទទួល​ខុសត្រូវ​ខ្ពស់​។ ​ត្រូវខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃ ក្នុង​ឱ្យ​បានល្អ ដើម្បីធានានិរន្តភាពការងារប្រកបដោយប្រសិទ្ធភាព និងត្រូវយកចិត្តទុក ដាក់គ្រប់គ្រង ដឹកនាំមន្ត្រីរាជការក្រោមឱវាទ​ឱ្យ​បានល្អប្រសើរ ប្រកបដោយការទទួលខុស ត្រូវខ្ពស់ ព្រមទាំងត្រូវមានការសហការល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពនានា និងត្រូវធ្វើជាសេនាធិការផ្ទាល់ ចំពោះក្រុមប្រឹក្សា និងអាជ្ញាធរខេត្តលើ កិច្ចការមុខងារសាធារណៈក្នុងខេត្ត៕

ដោយឆាយ ម៉ុត