ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាឱ្យមន្ដ្រីចរាចរណ៍ផាកពិន័យអ្នកល្មើសច្បាប់កុំលើកលែង

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា 

ភ្នំពេញ៖ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ដ្រីចរាចរណ៍ត្រូវផាកពិន័យអ្នកល្មើសច្បាប់ទាំងអស់កុំលើកលែង បើទោះបីជាអ្នកទាំងនោះមានតួនាទី ឬខ្នងធំប៉ុណ្ណាក៏ដោយ។

យោងតាម ផេកFacebookរបស់ឯកឧត្ដមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា មន្ដ្រីចរាចរណ៍ទាំងអស់ ត្រូវតែអនុវត្ដឱ្យបានត្រឹមត្រូវទៅតាមច្បាប់ ហើយកុំភ័យខ្លាចនូវការអន្ដរាគមន៍ណាមួយ ចំពោះអ្នកដែលបើកបរខុសច្បាប់ឱ្យសោះ។

ឯកឧត្ដមឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ការផាកពិន័យអ្នកល្មើសច្បាប់មិនលើកលែងនេះ ដោយសារកន្លងមានអ្នកដែលបើកបរខុសច្បាប់ តែងតែអាងអ្នកនេះ អាងអ្នកនោះ ដែលធ្វើឱ្យមានការលំបាកដល់មន្ដ្រីចរាចរណ៍ ក្នុងការអនុវត្ដច្បាប់ចំពោះជនទាំងនោះ។

ឯកឧត្ដមឧត្តមសេនីយ៍ឯកបន្ថែមថា ការអនុវត្ដច្បាប់ចរាចរណ៍គឺគ្មានការលើកលែងនោះទេ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្ដមឧត្តមសេនីយ៍ឯក ស ថេត ក៏បានកោតសរសើរដល់មន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងទទួលបានលទ្ធផលល្អប្រសើរ ៕