ទោះបីព្រឹត្តិការណ៍៣វិច្ឆិកាត្រូវបានបញ្ចប់ ប៉ុន្តែមិនត្រូវភ្លេចទប់ស្កាត់ជំងឺកូវីដ-១៩ឡើយ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា


ភ្នំពេញ៖ក្រសួងសុខាភិបាលបញ្ជាក់ថា ទោះបីព្រឹត្តិការណ៍៣វិច្ឆិកាត្រូវបានបញ្ចប់ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋ មិនត្រូវភ្លេច វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ឡើយ ខណៈដែលជំងឺនេះនៅលើពិភពលោកមិនទាន់មានការថមថយនៅឡើយ ។
លោជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថាព្រឹត្តិការណ៍៣វិច្ឆិកាបានបញ្ចប់ដោយ ជោគជ័យ គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជានៃកម្ពុជា ដែលមានសមត្ថភាព ពេញលេញ ក្នុងការគ្រប់គ្រងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ បានទាន់ពេលវេលា ប្រកបដោយ ប្រសិទ្ធភាពល្អប្រសើរជាទីបំផុត ដែលធ្វើឱ្យប្រជាជនកម្ពុជា អាចចៀសផុតបាននូវការចម្លងក្នុងលក្ខណៈទ្រង់ទ្រាយធំ ។
លោជំទាវបានឱ្យដឹងថា ការវិលត្រឡប់ទៅរស់នៅធម្មតាតាមបែបគន្លងថ្មី របស់អ្នកដែលប៉ះពាល់ទៅនឹងព្រឹត្តិការណ៍៣វិច្ឆិកា នេះ ពួកគាត់ត្រូវតែបន្តអនុវត្តន៍នូវការការពារខ្លួនឱ្យបានជាប់ជានិច្ចបន្ថែមទៀត ដើម្បីការពារកុំឱ្យឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈដែលជំងឺកូវីដ-១៩នេះមិនភ្លេចយើងឡើយ បើសិន ជាយើងមិនបានការពារខ្លួនឱ្យបានដិតដល់នោះ។
«ខ្ញុំសូមអំពាវនាវដ៏ទទូចជូនដល់ប្រជាពលរដ្ឋយើងទាំងអស់ ថ្វីបើយើងបានបិទបញ្ចប់នូវព្រឹត្តិការណ៍៣វិច្ឆិកាក៏ពិតមែន ដែលជាមួយលទ្ធផលដ៏ល្អប្រសើរ ដោយអាចនិយាយបានជាសរុបថា នៅក្នុងព្រឹត្តិការណ៍នេះយើងមានអ្នកដែលឆ្លងវីរុស កូវីដ-១៩​ តែ៤នាក់ទេ ។ ថ្វីត្បិតតែយើងមានស្ថានភាពល្អប្រសើរគ្រប់គ្រងបានសភាពការណ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួនអំពីវីរុសកូវីដ-១៩នោះទេ ដោយសារការរាតត្បាតវីរុសកូវីដ-១៩នៅលើសកលលោកនេះ គឺស្ថិតនៅក្នុងសភាពមួយគួរឱ្យព្រួយបារម្ភនៅឡើយទេ » ។
លោកជំទាវបញ្ជាក់ថា ក្រសួងសុខាភិបាលតែងតែអំពាវនាវនិងណែនាំដល់សាធារណៈជនទាំងអស់ត្រូវតែនាំគ្នាបន្តកិច្ច ការពារសុខភាពរបស់ខ្លួន ដោយបុគ្គលគ្រប់ៗរូបត្រូវអនុវត្តន៍វិធានការសាមញ្ញៗដូចជា សម្អាតដៃឱ្យបានស្អាតជាមួយសាប៊ូ ជែល ឫអាកុល ត្រូវពាក់ម៉ាស់នៅទីប្រជុំជន ឫកន្លែងដែលមានហានិភ័យខ្ពស់ និងរក្សាគម្លាតសុវត្ថិភាពជាដើម។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៩៤នាក់ , អ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៩នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន១នាក់៕​