មនុស្ស៩នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

MC៖ មនុស្ស៩នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលភាគច្រើននៃគ្រោះថ្នាក់ ទាំងនេះ កើតឡើងដោយសារបើកបរលើសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ចំនួន៣លើក បណ្ដាលឱ្យមានមនុស្សរបួសចំនួន៩នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៦នាក់ និងរបួសស្រាលចំនួន៣នាក់   

តាមរបាយការណ៍បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺបណ្ដាលមកពី បើកបរលើសល្បឿនកំណត់ និងមិនគោរពសិទ្ធិអាទិភាពជាដើម ។

   របាយការណ៍ដដែលបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំង៣លើកនេះ បានបណ្ដាលឱ្យខូចខាត ម៉ូតូចំនួន ៤គ្រឿង រថយន្តធុនតូច ១គ្រឿង និងរថយន្តធុនធំ ១គ្រឿង។ 

ជុំវិញបញ្ហានេះ សមត្ថកិច្ចនគរបាល បានបន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ កុំបើកបរបញ្ច្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ហើយត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពពេលបើកបររថយន្ត និងពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ  ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕