«​អប់រំ​គុណ​តម្លៃ​អូឡាំពិក​» បន្ត​បញ្ជ្រាប​ការផ្សព្វផ្សាយ​លើក​ទី​៣ នៅ​កំពង់ស្ពឺ​

AKP ភ្នំពេញ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០–
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​បន្ត​រៀបចំ​កម្មវិធី « អប់រំ​គុណ​តម្លៃ​អូឡាំពិក » ជា​លើក​ទី​៣ ប្រចាំឆ្នាំ​២០២០ តាម​គម្រោង​របស់ខ្លួន ដើម្បី​បន្ត​បញ្ជ្រាប​ការផ្សព្វផ្សាយ​ជា​លើក​ទី​៣ នៅ​អនុវិទ្យាល័យ ឆាយ​ឆុប ស្ថិតនៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​៤​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក តុ​ប បញ្ញា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គូសបញ្ជាក់ថា មូលហេតុ​ដែល​ជ្រើស​រើសយក​វិទ្យាល័យ​ឆាយ​ឆុប​នេះ​ធ្វើ ដោយ​លោក​បាន​មើលឃើញ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​មាន​ច្រើន​សម្បូរបែប ដូចជា​ទីលាន​បាល់ទាត់ បាល់បោះ និង​ទីលានកីឡា​មួយចំនួនទៀត ដែល​បានធ្វើឱ្យ​សិស្សានុសិស្ស​អាច​លេង​កីឡា​បាន​ច្រើន​មុខ​។ គោលបំណង​នៃ «​គុណ​តម្លៃ​អូឡាំពិក​» គឺ​ដើម្បី​បញ្ជ្រាប​ការផ្សព្វផ្សាយ​ចលនា​អូឡាំពិក និង​នាំឱ្យ​យុវជន ប្រជា​ពល​ដ្ឋ​លេង​កីឡា ដើម្បី​សុខភាព ព្រមទាំង​ឈ្វេងយល់​ពី​យុទ្ធនាការ ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ និង​ការត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​លោក​បន្ថែមថា សម្រាប់​កម្មវិធី​នៅលើ​ក​ទី​៣​នេះ មានកម្ម​វិធី​ជាច្រើន​ដូចជា បទ​បង្ហាញជូន​ដល់​សិស្សានុសិស្ស របស់លោក ប៊ុ​យ សុ​ភ័​ណ្ឌ ពី​យុទ្ធនាការ​ផ្សព្វផ្សាយ​រប​ស់​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ និង​លោក ញ៉ា​ន សុខ​វិសាល ធ្វើ​បង្ហាញ​អំពី​ចលនា​អូឡាំពិក និង​គុណ​តម្លៃ​អូឡាំពិក​។ បន្ទាប់ពី​ធ្វើ​បទ​បង្ហាញ​នេះ ក្រុមការងារ​ក៏បាន​នាំ​សិស្សានុសិស្ស​លេង​កីឡា ការលេង​ល្បែង​កម្សាន្ត ដែល​បង្កើតបាន​នូវ​បរិយាកាស​សប្បាយរីករាយ​ជូន​ដល់​ពួកគាត់​គ្រប់ ៗ​គ្នា ព្រមទាំង​ទទួលបាន​នូវ​ចំណេះដឹង​នៃ​ចលនា​អូឡាំពិក​ផងដែរ​។​
​លោក កង សុវណ្ណ នាយក​អនុវិទ្យាល័យ​ឆាយ​ឆុប បានបង្ហាញ​នូវ​សេចក្តីត្រេកអរ និង​ជា​កិត្តិយស ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ជ្រើស​រើសយក​អនុវិទ្យាល័យ​ឆាយ​ឆុប រៀបចំ​កម្មវិធី​នេះ​ឡើងជា​លើកដំបូង​ក្នុង​សាលា ដែល​កន្លងមក​ធ្លាប់​មានតែ​កម្មវិធី​កីឡា​របស់​សាលា​តែប៉ុណ្ណោះ​។ លោកនាយក​បានចាត់ទុក​ថា កម្មវិធី «​អប់រំ​គុណ​តម្លៃ​អូឡាំពិក​»​នេះ មាន​សារៈសំខាន់ ក្នុងការ​ចែករំលែក​នូវ​ចំណេះដឹង​លើ​ផ្នែក​កីឡា​នេះ​ជូន​ដល់​សិស្សានុសិស្ស​របស់លោក​។

​លោក​ក៏បាន​បើក​បេះដូង​ទទួល​ការស្វាគមន៍​សម្រាប់​កម្ម​វិធី​លើក​ក្រោយៗ​ទៀត​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក៏ដូចជា​សំណូមពរ​ឱ្យ​ចែករំលែក​នូវ​ចំណេះ ជំនាញ​ដល់​គ្រូបង្រៀន​ផ្នែក​អប់រំ​កាយ និង​កីឡា​២​នាក់ នៃ​អនុវិទ្យាល័យ ឆាយ​ឆុប ។ ក្នុង​គោលបំណង​ទទួលបាន​នូវ​បទពិសោធន៍​បន្ថែម ស្របតាម​ការអភិវឌ្ឍ​ថ្មីៗ​នៃ​វិស័យ​កីឡា​ពិភពលោក នាពេល​បច្ចុប្បន្ន ហើយ​គ្រូ​អប់រំ​កាយ និង​កីឡា​នឹង​ចែករំលែក​បន្ត​ដល់​សិស្សានុសិស្ស​របស់ខ្លួន​។
​លោកនាយក អះអាងថា សិស្សានុសិស្ស​ភាគច្រើន​ចូលចិត្ត​លេង​កីឡា ដែល​ធ្វើឱ្យ​សាលា​របស់លោក​តែងតែមាន​ធនធាន​ចូលរួម​ប្រកួតប្រជែង​កីឡា ថ្នាក់​ខេត្ត​បានជា​បន្តបន្ទាប់ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៩ កន្លងទៅ ក្រុមបាល់ទាត់​យុវជន​អនុវិទ្យាល័យ ឆាយ​ឆុប ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ ប្រចាំខេត្ត​កំពង់ស្ពឺ​ផងដែរ​៕ ដោយ​៖​ហេង ណា​លីន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​