ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​កីឡា​រាំ​ឆ្នាំនេះ​យកតាម​ទម្រង់​ស៊ី​ហ្គេម​

AKP ភ្នំពេញ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០–
​លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បាន​បញ្ជាក់ថា ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ ដែល​គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃ​៥-៦​ខែធ្នូ ឆ្នាំ​២០២០​ឆាប់ៗ​ខាងមុខ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នឹង​ប្រើប្រាស់​តាមរបៀប​របប​ការប្រកួត​អន្តរជាតិ និង​តាម​ទម្រង់​ស៊ី​ហ្គេម ដើម្បី​សម្រួច​គោលដៅ​ឆ្ពៅ​ទៅ​រៀបចំ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​លោកស្រី​អគ្គលេខាធិការ​បាន​បន្ថែ​ម​ថា វិញ្ញាសា​ដែល​គ្រោង​នឹងដាក់​ឱ្យ​ប្រកួត នៅក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២​នេះ នឹង​ធ្វើឱ្យ​ស្របតាម​ទម្រង់​ស៊ី​ហ្គេម​កន្លងទៅ ដោយ​នឹង​ពង្រឹង​លើ​ផ្នែក​បច្ចេកទេស លើ​ការដាក់​ពិន្ទុ​យ៉ាង​តឹងរឹង​ហ្មត់ចត់​ជាទីបំផុត ដើម្បី​សម្រប បច្ចេកទេស​របស់​កីឡាករ កីឡា​រិ​នី និង​មន្ត្រី​បច្ចេកទេស​ឱ្យមាន​គុណភាព​មួយ តាម​ស្តង់ដារ​អន្តរជាតិ ជាពិសេស​គឺ​ទម្រង់​ស៊ី​ហ្គេម ។ ពីព្រោះថា សហព័ន្ធ​កីឡា​រាំ ក៏ដូចជា​សហព័ន្ធ​កីឡា​ជាតិ​នានា​របស់​កម្ពុជា​កំពុង​ខិតខំ​ដុះ​ពង្រឹងគុណភាព​របស់​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស ក្នុងការ​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ស្របតាម​ផែនការ យុទ្ធសាស្ត្រ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​។​

​លោកស្រី ហង់ ស៊ី​មន សង្កត់ធ្ងន់ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​កាន់តែ​ពិសេស ក្នុងការ​ស្វែងរក​ធន​ធាន​ប្រកបដោយ​គុណ​ផល​ខ្ពស់ៗ ដើម្បី​ជ្រើសរើស​បាន​នូវ​ជ័យលាភី​តាម​ប្រភេទ​វិញ្ញាសា​នីមួយៗ បន្ត​ការហ្វឹកហាត់​ត្រៀម​ទៅ​ប្រកួតប្រជែង​មេដាយ នៅក្នុង​ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ចុងឆ្នាំ​២០២១​ផងដែរ​។​

​ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០​នេះ មាន​វិញ្ញាសា​ដាក់ ឱ្យ​ប្រកួត​មាន​ចំនួន ១៥​វិញ្ញាសា ក្នុងនោះ​ដូចជា​វិញ្ញាសា​រាំ​គូ រាំ​ឯកត្តជន​។ ចំពោះ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​ឱ្យ​ចូលរួម​ប្រកួត គឺជា​កីឡាករ កីឡាការិនី​ក្នុង​សមាគម ក្លិប​រាជធានី​-​ខេត្ត ដែលជា​សមាជិក​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ដែលមាន​អាយុ​ចាប់ពី ៨​ឆ្នាំ​ឡើង ព្រមទាំង​មាន​កាយសម្បទា​ល្អ​ផងដែរ​៕ ដោយ​៖ ហេង ណា​លីន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​