ប្រកួត​តេស្ត​បច្ចេកទេស​កីឡា​ទូក សម្រាប់​ដំណាក់កាល​បញ្ចប់​ឆ្នាំ​២០២០

AKP ភ្នំពេញ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០–
​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា បានរៀបចំ​ការប្រកួត​តេស្ត​បច្ចេកទេស ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កា​នូ​-​កា​យ៉ាក់ និង​រ៉ូ​អ៊ីង​របស់​ក្រុម​ជម្រើសជាតិ និង​ក្រុម​ថ្នាល សម្រាប់​ដំណាក់កាល​បញ្ចប់​ឆ្នាំ​២០២០ ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​៤​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​មន្ត្រី​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​បានឱ្យដឹងថា នេះ​ជា​សកម្មភាព​ការប្រកួត​តេស្ត​បច្ចេកទេស​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ (​វិញ្ញាសា​២០០​ម៉ែត្រ​ចំណុះ​១២​នាក់​) ទូក​កា​នូ​-​កា​យ៉ាក់ និង​រ៉ូ​អ៊ីង​របស់​ក្រុម​ជម្រើសជាតិ និង​ក្រុម​ថ្នាល ក្នុងដំណាក់កាល​បញ្ចប់​ឆ្នាំ​២០២០ ដែលមាន​វត្តមាន​ចូលរួម​រៀបចំ​ដោយ គណៈកម្មការ​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា និង​ត្រួតពិនិត្យ​ដោយ​មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​តំណាង​សហព័ន្ធ​បានលើកឡើង​នូវ​ការកោតសរសើរ​ដល់​កីឡាករ កីឡាការិនី​ជម្រើសជាតិ និង​ថ្នាល​ទាំងអស់ ដែល​បាន​ខិតខំ​ហ្វឹកហាត់​កន្លងមក ហើយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នាពេលនេះ​។ សហព័ន្ធ​ជឿជាក់ថា កីឡាករ កីឡាការិនី​ទាំងអស់ នឹងចូលរួម​ប្រកួតប្រជែង​ដណ្តើម​មេដាយ​ជូន​ជាតិ នៅក្នុង​ព្រឹត្តិការណ៍​កីឡា ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែវិច្ឆិកា ឆ្នាំ​២០២១ ក៏ដូចជា​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយនឹង​ការបង្កើន​គុណភាព​បច្ចេកទេស​ដល់​កីឡាករ កីឡាការិនី​ទូក​នេះ​, កញ្ញា មាស តឿ មន្ត្រី​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​បាន​បញ្ជាក់ដែរថា សហព័ន្ធ​នឹង​រៀបចំ​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​៧ ឆ្នាំ​២០២០ ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ ដោយ​រក្សា​កម្មវិធី​ប្រកួត​ដដែល​មិនមាន​អ្វី​ផ្លាស់ប្តូរ​ទេ​។
​គោលបំណង​ចម្បង​នៃ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំនេះ​ទទួលបាន​ការ​ឧ​ត្ថ​ម្ភ​ថវិកា​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ព​ន្លឿ​ន​ការអភិវឌ្ឍ​វិស័យ​ទូក​ឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។

​ចំពោះ​វិញ្ញាសា​ដែល​ដាក់ឱ្យ​ប្រកួត​ឆ្នាំនេះ​មានដូចជា​៖ ១-​វិញ្ញាសា ៨០០​ម៉ែត្រ​បុរស ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ចំណុះ ១២​នាក់​។ ២-​វិញ្ញាសា ៥០០​ម៉ែត្រ​នារី ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ចំណុះ ១២​នាក់​។ ៣-​វិញ្ញាសា ៥០០​ម៉ែត្រ​ចម្រុះ​បុរស​-​នារី (​ទូក​កា​នូ C1)​។ ៤-​វិញ្ញាសា ៥០០​ម៉ែត្រ ចម្រុះ​បុរស​-​នារី (​ទូក​កា​យ៉ាក់ K1) និង​ទី​៥-​វិញ្ញាសា ២.០០០​ម៉ែត្រ ចម្រុះ​បុរស​-​នារី (1x)​។​

​ឯកឧត្តម​បណ្ឌិត ជា ហ៊ុន​ហេង អគ្គលេខាធិការ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​បានស្នើ​សុំ​ជាគោលការណ៍​នៃ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​ដែល​នេះ​គឺជា​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​៕​ដោយ​៖ ហេង ណា​លីន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​