ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ទទួលបាន​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​

AKP កំពង់ឆ្នាំង ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ដើម្បី​ជួយ​សម្រាល​ការលំបាក​របស់​ប្រជា​ពល រដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ថ្ងៃ​៤​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រួម​ដំណើរ​ដោយ ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង និង ឯកឧត្តម អម សុភា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង ប្រតិភូ​កាកបាទក្រហមកម្ពុជា និង​សមាជិក សមាជិកា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន ២០៥​គ្រួសារ នៅ​ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​កន្លងមក​សម្តេច​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​នៅ​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ ។​
​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ជាពិសេស​ចៀសវាង​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ គ្រឿងញៀន គ្រឿង​ស្រវឹង ដើម្បី​ភាពសុខសាន្ត​ក្នុង​ក្រុមគ្រួសារ និង​ចូលរួម​ពង្រឹង​សាមគ្គីភាព​ជាតិ និង​រក្សាសុខ​សន្តិភាព​ដែលមាន​ឱ្យបាន​គង់វង្ស មាន​សន្តិភាព មាន​កំណើន​សេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍ​។​
​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​ពាំ​នាំនូវ​ព្រះរាជបន្ទូល​ផ្តាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពីស​ម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មនោសញ្ចេតនា ការ​នឹករលឹក អាណិត​ស្រឡាញ់ ការគិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស​បញ្ហា​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកជំទាវ បាន​ពាំនាំ​នូវ​សារ​អំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យមាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ពី​ជំងឺ​កូ​វីដ​-១៩ កុំ​មានការ​ភ័យ​ស្លន់ស្លោ ថ្វីត្បិតតែ​មិនទាន់មាន​ថ្នាំ​ព្យាបាល​បាន ប៉ុន្តែ​យើង​អាច​ទប់ស្កាត់បាន តាមរយៈ​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ។ ជាពិសេស​ត្រូវអនុវត្ត​ន៍ គិតគូរ​ពី​គម្លាត​សុវត្ថិភាព​សង្គម គម្លាត​សុវត្ថិភាព​បុគ្គល ពាក់​ម៉ាស​ការពារ រក្សា​អនាម័យ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ឬ អាល់កុល ។ ជាមួយគ្នានេះ​សូម​លើកទឹកចិត្ត​ដល់​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ត្រូវ​ទៅពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​៤​ដង មុនពេល​សម្រាល និង​ទៅធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ពី​ម្តាយ​ទៅ​កូន និង​ត្រូវ​ស្វែងរក​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​សម្រាល​កូន​ឱ្យបាន​ត្រឹមត្រូវ​។​

​លោកជំទាវ​អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​គិតគូរ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​ត្រូវ​រស់នៅ​ដោយមាន​អនាម័យ ពិសា​ទឹក​ដាំ​ឆ្អិន​ល្អ ប្រើប្រាស់​ទឹកស្អាត ដើម្បី​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ដោយ​ការ​លង់ទឹក​ជាយថាហេតុ​។ លោកជំទាវ និង​មន្ត្រី​អមដំណើរ បាន​នាំយក​អំណោយ​របស់​កាក​បាទ​ក្រហ​កម្ពុជា ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ២០៥​គ្រួសារ ដោយ​ក្នុង​គ្រួសារ​នីមួយៗ​ទទួលបាន អង្ករ ២៥​គីឡូក្រាម​, មី ១​កេស​, ត្រីខ ១០​កំប៉ុង​, អំបិល​២​កញ្ចប់ និង​ឃី​ត​១​កញ្ចប់ ( មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​១) ៕​ដោយ​៖ បៃ ស៊ីថុន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​