រដ្ឋបាលខេត្ត​បាត់ដំបង បើក​ទិវា​សប្ដាហ៍​សហគ្រិនភាព​ស​កល​-​កម្ពុជា​

AKP បាត់ដំបង ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​៤​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី ថ្លែង​សុន្ទរកថា បើក​ក្នុង​ទិវា​សប្ដាហ៍​សហគ្រិនភាព សកល​-​កម្ពុជា ក្រោម​ប្រធានបទ «​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​» នៅ​ខេត្តបាត់ដំបង​។

​លោក ខែម រស្មី ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​នៅ​កម្ពុជា ប្រចាំខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ទិវា​សប្ដាហ៍​សហគ្រិនភាព​សកល គឺជា​ទិវា​ដែល​ត្រូវបាន​រៀបចំឡើង​នៅលើ​សកលលោក​ទាំងមូល​ជា​រៀងរាល់ឆ្នាំ និង​សប្ដាហ៍ ជាមួយគ្នា​ដែលជា​ទូទៅ​គឺ​ប្រារព្ធ​ឡើង​ក្នុង​សប្ដាហ៍​ទី​៣ នៃ​ខែវិច្ឆិកា ។ គោលបំណង​នៃ​ការធ្វើ​ទិវា​នេះ​ឡើង គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​បងប្អូន និស្សិត ឬ​អាជីវករ​ផ្សេងៗ ដែលមាន​បំណង​ចង់​បង្កើត​អាជីវកម្ម ឬ​កំពុងតែ​ដំណើរការ​អាជីវកម្ម ឱ្យ​យល់ដឹង​បន្ថែមទៀត​ផ្នែក​ទីផ្សារ បច្ចេកវិទ្យា​នានា​ឱ្យទាន់​នៃ​យុគសម័យ​បច្ចេកវិទ្យា និង​អាច​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ប្រកប​អាជីវកម្ម​បានច្បាស់លាស់ ជាមួយនឹង​វាគ្មិន​ដែលមាន​បទពិសោធន៍​រាប់​ឆ្នាំ និង​មាន​ជំនាញ​ច្បាស់លាស់​ទៅលើ​ទីផ្សារ​ឌីជីថល​នេះ​។

​លោក ខែម រស្មី បាន​បន្តទៀតថា ការលើកទឹកចិត្ត និង​បង្កើន​ឱ្យមាន​សហគ្រិន​វ័យក្មេង​កាន់តែច្រើន ដើម្បីឱ្យ​គាត់​បង្កើត​អាជីវកម្ម គឺជា​ការចូលរួម​បង្កើន​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន ជីវភាព​ប្រជាពលរដ្ឋ​ក៏​កាន់តែ​មានការ​កើនឡើង​បាន​មួយកម្រិត​ផងដែរ​។
​ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ និស្សិត​ទាំងឡាយ​ដែលជា​សហគ្រិន​ត្រូវតែមាន​សមត្ថភាព​ខ្ពស់​ទាំង​ផ្នែក​ទីផ្សារ និង​ផ្នែក​បច្ចេកវិទ្យា​។ ព្រោះ​បច្ចុប្បន្ន​បច្ចេកវិទ្យា​កាន់​តែ​ទំនើប ហើយ​ការប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក៏​កាន់​តែមាន​ច្រើន ទាមទារ​ឱ្យ​សហគ្រិន​ទាំងអស់​ច្បាស់លាស់​ផ្នែក​ទាំងនេះ ។

​ឯកឧត្តម អភិបាលរង​ខេត្ត​បាន​បន្តទៀតថា ស្របពេល​ប្រទេសជាតិ​កំពុង​បន្ត​ការរីកចម្រើន សហគ្រិន​វ័យក្មេង​ក៏​ជា​រចនាសម្ព័ន្ធ​ស្នូល​មួយ​ក្នុងការ​បណ្ដុះ​កំណើនសេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​បន្ត​ទៅមុខទៀត បង្កើន​នូវ​ប្រាក់ចំណូល​ប្រទេសជាតិ បង្កើន​នូវ​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​កើនឡើង​ជា​លំដាប់​។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុយ សុធាវី បាន​លើកទឹកចិត្ត​ដល់​សិស្ស និស្សិត ដែលជា​សហគ្រិន​ឱ្យ​បន្ត​ការយកចិត្តទុកដាក់ ដើម្បីឱ្យ​កាន់​តែមាន​ភាពជោគជ័យ​បន្ត​ទៅមុខទៀត ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​ប្រទេសជាតិ​ឱ្យ​កាន់តែ​បន្ត​ទៅមុខទៀត ត្រូវខិតខំ​ត្រងត្រាប់​ស្ដាប់​នូវ​បទពិសោធន៍​វាគ្មិន​ធ្វើ​បទ​បង្ហាញ ដើម្បី​យកទៅ​អនុវត្តន៍​ឱ្យចំ​គោលដៅ ចៀសវាង​ការធ្វើ​អាជីវកម្ម​តាម​គ្នា​ដោយ​មិនបាន​សិក្សា​ទីផ្សារ​ពីមុន អាច​បណ្ដាលឱ្យ​អាជីវកម្ម​នោះ​មិនមាន​ភាព​រីកចម្រើន​ផងដែរ ៕ ដោយ​៖ ណ​យ នឿន (​រដ្ឋបាលខេត្ត​បាត់ដំបង​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​