អភិបាលរង​ខេត្ត​ចុះ​ពិនិត្យមើល​សមិទ្ធផល​ចាក់សាប​ក្នុង​បរិវេណ​សាលាបឋមសិក្សា​អូរត្រេះ​

AKP ព្រះសីហនុ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០–
​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ និង​ជា​តំណាង​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សមិទ្ធផល​ចាក់សាប​ខាងមុខ​ទីចាត់ការ និង​បរិវេណ​ទីធ្លា​គោរព​ទង់ជាតិ នៅ​សាលាបឋមសិក្សា​អូ​ត្រេះ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ មាន​ទំហំ ៨៧៦​ម៉ែត្រក្រឡា នា​រសៀល​ថ្ងៃ​៤​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​លោក ម៉ាង ស៊ី​ណេ​ត បានឱ្យដឹងថា សមិទ្ធផល​ចាក់សាប​ខាងមុខ​ទីចាត់ការ និង​បរិវេណ​ទីធ្លារ​គោរព​ទង់ជាតិ នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​អូរត្រេះ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ មាន​ទំហំ​៨៧៦​ម៉ែត្រក្រឡា ដែលជា​ការចូលរួម​ជួយឧបត្ថម្ភ​ពី​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​លោកជំទាវ មានដូចជា ស៊ីម៉ង់ត៍ ២០​តោន ខ្សាច់ ៤០​ម៉ែត្រគូប និង​ឥដ្ឋ ៥.០០០​ដុំ សម្រាប់​លើកកម្ពស់​សោភណភាព និង​បរិស្ថាន​ល្អ​ក្នុង​ទីធ្លា​សាលារៀន​។ ព្រោះ​សាលារៀន​ជា​ថ្នាល​បណ្តុះបណ្តាល​នូវ​ចំណេះដឹង ចំណេះធ្វើ​ដល់​សិស្សានុសិស្ស ជា​ទំពាំង​ស្នង​ឫស្សី ក្នុងការ​ចូលរួម​ដឹកនាំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​មានការ​រីកចម្រើន ទាម ទារ​ឱ្យ​យើង​មាន​ធនធានមនុស្ស ។ ទន្ទឹម​នោះ​លោក ម៉ាង ស៊ី​ណេ​ត ក៏បាន​ថ្លែងអំណរគុណ​លោកគ្រូ អ្នកគ្រូ​ក្នុង​សាលាបឋមសិក្សា​អូរត្រេះ​ទាំងអស់ ដែល​បាន​ខិតខំ​ជួយ​អភិវឌ្ឍន៍​សាលារៀន​ឱ្យមាន​បរិស្ថាន​ល្អ អាច​នឹង​ឈានទៅរក​សាលា​គំរូ​ថែមទៀត​នៅពេល​ខាងមុខ ។ ពិសេស​ការជួយ​បង្ហាត់បង្រៀន​កូន​-​ចៅ​របស់​យើង​ឱ្យមាន​ចំណេះដឹង​បង្កើនបាន​នូវ​ធនធានមនុស្ស​បន្ថែ​ម​នាពេលខាងមុខ ។​

​ក្នុងឱកាស​នោះដែរ លោក​ឧកញ៉ា ទៀ វិចិត្រ និង​លោកជំទាវ ក៏បាន​ចូលរួម​ជួយឧបត្ថម្ភ​នូវ​ស៊ីម៉ង់ត៍ ២​តោន ខ្សាច់​១៥​ម៉ែត្រគូប និង​ថវិកា ១.០០០​ដុល្លារ​អាម៉េរិក​បន្ថែម ដើម្បី​បង្ហើយ​ចាក់សាប​ផ្លូវ​ចូល​សាលារៀន​នេះ​ផងដែរ ។​
​សូម​រម្លឹកថា កន្លងមក​លោក​ឧកញ៉ា ទៀ វិចិត្រ​ក៏បាន​ចូលរួម​ជួយ​កសាង​សមិទ្ធផល​នានា​ក្នុង​បរិវេណ​សាលាបឋមសិក្សា​អូរត្រេះ រួមមាន ដងទង់​ជាតិ និង​សមិទ្ធផល​ជាច្រើន​ផ្សេងទៀត​ផងដែរ ៕ ដោយ​៖ ងូ សុ​មុនី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​