រដ្ឋបាលខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​ស្តីពី​អនុវត្តន៍​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​

AKP ព្រះសីហនុ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០–
​រសៀល​ថ្ងៃ​៤​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​តាមរយៈ Video Conference ស្តីពី​ការជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតី​ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរងក្រុង ស្រុក ប្រធាន​មន្ទីរ​ពាក់​ព​ន្ធ័ មន្ត្រីនគរបាល​ទេសចរណ៍ និង​តំណាង​សហគមន៍​ដឹកជញ្ជូន​ទេសចរ​តាម​ផ្លូវទឹក ។

​លោក ម៉ាង ស៊ី​ណេ​ត មានប្រសាសន៍ថា បច្ចុប្បន្ន​កម្ពុជា​ក៏ដូចជា​ពិភពលោក​កំពុង​ជួប​បញ្ហា​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏ប៉ុន្តែ​ប្រទេស​កម្ពុជា​មានភ័ព្វ​សំណាង​មិនមាន​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា កន្លងមក​។ ម្យ៉ាងទៀត​កម្ពុជា​ក៏បាន​បិទ​បញ្ចប់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៃ​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​
លោក​អភិបាលរង​ខេត្ត បាន​បន្តថា ខេត្ត​ព្រះសីហនុ​ក៏មាន​ការពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ២​ភូមិ​ផងដែរ មាន​ភូមិ​ជំ​ពូរ​ខ្មៅ ឃុំ​ទួល​ទទឹង និង​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ដោយ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ទាំងពីរ​ភូមិ ធ្វើ​ច​ក្តា​ឡី​ស័ក​នៅនឹងកន្លែង ដើម្បី​ធានា​សុវត្ថិភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​។ រដ្ឋបាលខេត្ត​ព្រះសីហនុ បានដាក់​ចេញ​នូវ​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើរ​ជាង​ការធ្វើការងារ​ក្នុង​រង្វង់ កូ​វីដ​-១៩ ។​

​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ការគ្រប់គ្រង​អនុវត្តន៍ លើ​លិខិតបទដ្ឋាន​គតិយុត្តិ និង​ចរាចរណ៍​លេខ​០០៤ របស់​ក្រសួង​ទេសចរ ណ៍ ស្តីពី​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍ ដោយបាន​បង្កើត​ក្រុមការងារ​សុវត្ថិភាព​ទេសចរណ៍​តាម​ខេត្ត ក្រុង ស្រុក ដូចជា​៖ ទី​១.​បង្កើត​ក្រុមការងារ​ជា​ពីរ​ក្រុម​។ ទី​២.​ការងារ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​មូលដ្ឋាន​អាជីវ​កម្មបាន ៤​លើក មាន​អ្នកចូលរួម ៤៥៨​នាក់​។ ទី​៣.​បើក​វគ្គ​បណ្តុះបណ្តាល​បាន​ពីរ​វគ្គ​។ ទី​៤.​ត្រួតពិនិត្យ និង​ធ្វើ​ការណែនាំ​មូលដ្ឋាន​អាជីវកម្ម​ពាក់ព័ន្ធ លិខិតបទដ្ឋាន​របស់​ក្រសួងសុខាភិបាល ។ ទន្ទឹម​នោះ​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន ដោយសារតែ​ម្ចាស់​អាជីវកម្ម មិន​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រុមការងារ និង​ទិសដៅ​បន្ត​អនុវត្តន៍​អប់រំ ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​ក្រសួងសុខាភិបាល​ដល់​មូលដ្ឋាន​អាជីវកម្ម ដើម្បី​ធានា​ឱ្យ​អាជីវកម្ម​ដំណើរ​កាន់តែ​ល្អ ដោយ​រក្សា​អំពី​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជា​ចម្បង ។

​ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា នេះ​ជា​លើក​ទី​១​ដែល​យើង​បើក​កិច្ចប្រជុំ​តាមរយៈ Video Conference ហើយ​កម្ពុជា​ធ្វើការ​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បានល្អ​។ ពិសេស​ក្នុង​ព្រឹត្តិការ ០៣ វិច្ឆិកា ដោយ​អនុវត្តន៍​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដោយ​ទប់ស្កាត់​ការរីក​រាលដាល អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន បន្ត​ផ្សព្វផ្សាយ​ដល់​មូលដ្ឋាន​អាជីវកម្ម និង​ការណែនាំ​ពី​សុវត្ថិភាព និង​លិខិតបទដ្ឋាន​របស់​ក្រសួងសុខាភិបាល សំខាន់​អនុវត្តន៍​វិធាន​សុវត្ថិភាព​ទេសចរណ៍​។ ដូច្នេះ​យើង​ត្រូវ​វាយតម្លៃ​ពី​សភាពការណ៍ ដើម្បី​ទទួលបាន​របាយការណ៍​ជា​មូលដ្ឋាន ជំរុញ​វិធាន​សុវត្ថិភាព​ទេសចរណ៍ ឱ្យបាន​ទូលំទូលាយ ហើយ​អ្វី​សំខាន់​ត្រូវ​ពង្រឹង​យន្តការ​អនុវត្តន៍​ក្នុង​ក្របខ័ណ្ឌ​ខេត្ត ក្រុង ស្រុក ។ ការងារ​សំខាន់​ពង្រីក​ការងារ​អប់រំ ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ និង​មូលដ្ឋាន​អាជីវកម្ម ដើម្បី​ជំរុញ​ទប់ស្កាត់​សុវត្ថិភាព​ទេសចរណ៍ ដល់​ឃុំ សង្កាត់ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ឱ្យ​កាន់ តែមាន​ប្រសិទ្ធភាព ៕ ដោយ​៖ ងូ សុ​មុនី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​