មន្រ្ដីក្រសួងព័ត៌មាន ចុះពិនិត្យអគារថ្មីមន្ទីរព័ត៌មានខេត្តកំពត និងចុះពិនិត្យស្ថានីយ​វិទ្យុ ទូរទស្សន៍នៅលើភ្នំបូកគោ

AKP កំពត ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០

ក្នុងឱកាសចុះបំបេញបេសកកម្មការងារនៅខេត្តកំពត ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ រួមដំណើរ ដោយថ្នាក់ដឹកនាំ មួយចំនួនក្រោមឱវាទបាន​អញ្ជើញ​ចុះពិនិត្យអគារថ្មីមន្ទីរព័ត៌មានខេត្តកំពត បន្ទាប់មកក៏បានអញ្ជើញទៅពិនិត្យមើល​អគារ​​ស្ថានីយផ្សាយបន្ត វិទ្យុ និងទូរទស្សន៍ នៅលើភ្នំ​បូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់ប្រធានមន្ទីរព័ត៌មានខេត្តកំពតបានឱ្យដឹងថា អគារមន្ទីរថ្មីនេះ ត្រូវ​​បានកសាងឡើង ដើម្បីបំពេញបន្ថែម កន្លែងឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ មាន ការិយាល័យ​ល្អ សម្រាប់បំពេញកិច្ចការងារ និងមានបន្ទប់ប្រជុំធំទូលាយងាយស្រួលជួបប្រជុំ និងធ្វើកិច្ច​ការងារ កាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរឡើងថែមទៀត។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរព័ត៌មាន ខេត្តកំពត សរុបមានចំនួន ៣៧ នាក់ ដោយបានបែង ចែក​ភារកិច្ចការងារតាមជំនាញ ក្នុងនោះ ការងារវិទ្យុ ផ្សាយតាមរលកធាតុអាកាសគឺស្ថានីយ វិទ្យុ ៩ មករា FM 99.70 MHz ហើយមន្ទីរក៏បានធ្វើការផ្សាយសាកល្បង ទូរទស្សន៍អនឡាញ ក្នុង១​ថ្ងៃ ៧ ម៉ោង។ ក្រៅពីការផ្សព្វផ្សាយក្នុងខេត្ត មន្ទីរក៏បានផ្ញើអត្ថបទ រូបភាព ទៅផ្សាយ នៅ​ស្ថានីយ​ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងបណ្តាប្រព័ន្ធផ្សព្វផ្សាយ ឯកជន ផងដែរ។ សម្រាប់ការងារផ្សព្វផ្សាយនេះដែរ មន្ទីរក៏មានការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា បាន​​ផ្សាយព័ត៌មានជាច្រើន ព្រមទាំងបង្ហោះតាមប្រព័ន្ធ Facebook Page របស់មន្ទីរថែមទៀត ផង​ដែរ។ សម្រាប់ខេត្តកំពត មានវិទ្យុ ផ្សាយផ្ទាល់ចំនួន ៦ ស្ថានីយវិទ្យុផ្សាយបន្ត ៤ ស្ថានីយ ទូរទស្សន៍​ផ្សាយបន្ត ៥ និងទូរទស្សន៍ ខ្សែកាប ៦ ស្ថានីយ។ សម្រាប់ជាទិសដៅបន្តទៅ​មុខ​ទៀត មន្ទីរព័ត៌មានខេត្តកំពត បន្តយកចិត្តទុកដាក់ប្រមូលព័ត៌មាន និងសហការប្រមូល ព័ត៌​មានពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាកជាតិ និងថ្នាក់ក្រោមជាតិ ផ្តោតលើព័ត៌មានទាន់​ហេតុ​ការណ៍ គោលនយោបាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ចំណេះដឹងគ្រប់ ប្រភេទដើម្បី​ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។

ដោយឡែកសម្រាប់អគារស្ថានីយ វិទ្យុ និងទូរទស្សន៍ ខេត្តកំពត នេះត្រូវបាន​កសាង​ឡើងតាំងពីកំឡុងឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែរហូតមកដលពេលនេះ មានសភាពចាស់ទ្រុឌ​ទ្រោម​ទៅហើយ ដែលទាមទារធ្វើការជួសជុលកែលម្អ ជាថ្មីឡើងវិញ អាចដាក់សម្ភារ ម៉ាស៊ីន​ផ្សាយបាន។ ដូច្នេះ ការដែលឯកឧត្តម រដ្ឋមន្រ្តី និងមន្រ្តីជំនាញ បច្ចេកទេស និងផ្នែកសំណង់ មកកាន់ទីតាំងនេះ ដើម្បីធ្វើការពិនិត្យលើកគម្រោងចំណាយ ក្នុងការជួសជុលកែលម្អឡើងវិញ នៅលើទីតាំងចាស់ ដែលមានកម្ពស់ខ្ពស់ ហើយមានសារៈសំខាន់ ដែលអាចធ្វើការផ្សព្វផ្សាយ គ្របដណ្តប់ តាមបណ្តាខេត្តជាប់សមុទ្រ និងតាមបណ្តាភាគ និរតី នៃប្រទេស។ អគារនេះ ក្នុង​ដំណើរកសាងឡើងវិញមានរយៈពេលវែង ដោយសារបញ្ហាអាកាសធាតុ និងការងារសំណង់​ស្ថិតក្នុងផែនការ។ ដោយសារតែត្រូវពិនិត្យលើការកសាងឡើងវិញ ទើបឯកឧត្តមរដ្ឋមន្រ្តី និងមន្រ្តី​ពាក់ព័ន្ធបានអញ្ជើញមកពិនិត្យផ្ទាល់ ដើម្បី​ធ្វើការពន្លឿនកិច្ចការងារ ជួសជុលអគារ​ឡើងវិញ ស្របជាមួយនឹងដំណើរការនៃ គោលនយោ​បាយ ឌីជីថល របស់ក្រសួងព័ត៌មាន ដែលបានដាក់ចេញក្នុងគម្រោងចន្លោះឆ្នាំ ២០២១ រហូតដល់ឆ្នាំ២០២៣។ ជាមួយគ្នានេះ ចំពោះ​ទីតាំងចំណុចនៅលើភ្នំបូកគោនេះ ក៏ជាគោល​ដៅមួយ នៃបង្គោលអង់តែន សម្រាប់​ថ្នាល វិទ្យុ និងទូរទស្សន៍ឌីជីថល នេះផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ទីតាំងនៅលើភ្នំបូកគោនេះ មាន លក្ខណ: អំណោយផលល្អ សម្រាប់ដាក់ស្ថានីយផ្សាយបន្តវិទ្យុជាតិFM ៩៦ វិទ្យុ FM វត្តភ្នំ វិទ្យុ FM ខេត្តកំពត និងទូរទស្សន៍ជាតិកម្ពុជា ផ្សាយបន្ត ដែលអាចផ្សាយបានទៅកាន់តំបន់ ឆ្ងាយៗ ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកមើលឃើញ និងស្តាប់បានពីការផ្សាយ របស់​វិទ្យុ និងទូរទស្សន៍អំពីដំណឹង និងព័ត៌មានថ្មីៗ ទាន់ហេតុការណ៍។ ឯកឧត្ដមរដ្ឋមន្រ្ដីបាន​គូសបញ្ជាក់ថា អ្វីដែលសំខាន់គឺការផ្សាយព្យាករណ៍អាកាសធាតុ សម្រាប់អ្នកនេសាទ​នៅ​សមុទ្របានដឹងចៀ​សពីឧបទ្ទវហេតុផ្សេងៗដែលកើតមាន។ ជាមួយគ្នានេះដែរ ក្នុងគម្រោង​នៃការសាងសង់អគារនេះ ក៏ទុកសម្រាប់ឱ្យមន្ត្រីក្រសួងព័ត៌មាន មកលេងកម្សាន្ត និងស្នាក់នៅ ផងដែរ។

សម្រាប់គម្រោងនៃការកសាង និងជួសជុលអគារ ដែលបំរើដល់ការងារផ្សព្វផ្សាយ អោយបានច្រើនកន្លែង ដោយហេតុថា ពី១ថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមាន កិច្ចការងារជាច្រើនដែលត្រូវបំពេញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាអោយ វិស័យព័ត៌មាន និងសោតទស្សន៏កាន់តែរីកចម្រើន ស្របតាមការវិវត្តន៏នៃបច្ចេកវិទ្យាព័ត៌មាន វិទ្យា និងស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន៕

ដោយ រិទ្ធី
រូបថត៖ ខឹម សុវណ្ណារ៉ា
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស