អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបំពាក់កុំព្យូទ័រថ្មីៗជាច្រើនគ្រឿងបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារផ្សព្វផ្សាយ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 

ភ្នំពេញ ៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មានបានបំពាក់សម្ភារបច្ចេកទេសនិងកុំព្យូទ័រថ្មីៗជាច្រើនគ្រឿង បន្ថែមទៀត នៅនាយកដ្ឋានព័ត៌មានក្នុងនិងក្រៅប្រទេស ដើម្បីឆ្លើយតបនឹងតម្រូវការការងារផ្សាយនិងការផលិតព័ត៌មាន ឱ្យកាន់តែមានគុណភាព និងលឿន។ 

លោកជំទាវ ឈឹម ពៅសុកាន់ឌី អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មានបានមានប្រសាសន៍ថា ការបំពាក់នូវកុំព្យូទ័រថ្មីៗជាច្រើនគ្រឿងនេះ គឺបន្ទាប់ពីកុំព្យូទ័រមួយចំនួនមានសភាពចាស់ពិបាកក្នុងការបំពេញការងារ ដែលតម្រូវឱ្យមានការផ្លាស់ប្តូរកុំព្យូទ័រថ្មីៗបន្ថែម ក្នុងគោលបំណងជំរុញឱ្យការផលិតព័ត៌មានបានលឿន រហ័សទាន់ពេលវេលា និងប្រកបដោយការច្នៃប្រឌិតថ្មី។

លោកជំទាវបានបន្តថា ជាទិសដៅបន្តបន្ទាប់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានឹងបំពាក់នូវគ្រឿងបរិក្ខារថ្មីៗ ទៅកាន់នាយកដ្ឋាន ផ្សេងៗទៀត ដើម្បីបង្កើនសន្ទុះការងារផ្សព្វផ្សាយឱ្យកាន់តែទំនើបនិងរីកចម្រើនទៅមុខ ។

លោកជំទាវបានបន្ថែមថា បច្ចុប្បន្ននេះវិទ្យុជាតិកម្ពុជា មិនត្រឹមតែផ្សាយជារលកសំឡេង តាមរយៈវិទ្យុជាតិកម្ពុជា AM 918 KHz និងវិទ្យុវត្តភ្នំFM ១០៥.៧០MHzប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្សព្វផ្សាយតាមរយៈ App ក្រសួងព័ត៌មាន និងAppវិទ្យុជាតិកម្ពុជា និងផេកផ្លូវការវិទ្យុជាតិកម្ពុជា ដូច្នេះការបំពាក់នូវសម្ភារថ្មីៗគឺជាតម្រូវការចាំបាច់បំផុត។លោកជំទាវ អគ្គនាយិកាមាន ប្រសាសន៍បន្តទៀតថាៈជាទិសដៅ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានប្តេជ្ញាខិតខំអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ទៀត ដោយបង្កើត នូវកម្មវិធីថ្មីៗ និងព័ត៌មានរហ័ស ច្បាស់លាស់ ទាន់ហេតុការណ៍ ស្របទៅតាមការវិវត្តន៍រីកចម្រើននៃសម័យកាលទំនើប ដើម្បី បម្រើសំណូមពររបស់ប្រិយមិត្តអ្នកស្ដាប់នៅទូទាំងប្រទេស ៕