ក្រសួងការងារ ប្រកាសបើកដំណើរការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈភ្នំពេញ និងខេត្តកណ្ដាលឡើងវិញ

 

វិទ្យុជាតិកម្ពុជា លោកជួន បូណា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសបើកដំណើរការបណ្តុះបណ្តាលឡើងវិញ នៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល។
សេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានឱ្យដឹងថា គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ត្រូវបានអនុញ្ញាត ឱ្យបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ។
ប្រភពបន្តថា ការបើកដំណើរការបណ្តុះបណ្តាលឡើងវិញនេះ ដោយយោងតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីព្រឹត្តិការណ៍ ០៣ វិច្ឆិកាត្រូវបានបិទបញ្ចប់។
តែទោះបីជាយ៉ាងណា គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ ត្រូវគោរពតាមគោលការណ៍ស្ដង់ដារ ការការពារចម្លងមេរោគកូវីដ-១៩ ដែលក្រសួងសុខាភិបាលបានកំណត់៕