ស្ថានីយផ្សាយបន្ត វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា នៅលើភ្នំបូកគោ ខេត្តកំពត ត្រូវបានជួសជុលកែលម្អជាថ្មីឡើងវិញ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

កំពត៖ ស្ថានីយផ្សាយបន្ត វិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា នៅលើភ្នំបូកគោ ខេត្តកំពត ត្រូវបានជួសជុលកែលម្អជាថ្មីឡើងវិញ ដើម្បីឱ្យការផ្សាយបន្តអាចផ្សាយបានទៅកាន់តំបន់ឆ្ងាយៗ ដើម្បីបម្រើការស្តាប់និងទស្សនារបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញទៅពិនិត្យមើលអគារ ស្ថានីយផ្សាយបន្តវិទ្យុ និង ទូរទស្សន៍ នៅលើភ្នំបូកគោ ខេត្តកំពត ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានណែនាំដល់ក្រុមការងារជំនាញ ត្រូវពន្លឿនការជួសជុលអគារនេះឡើងវិញ ដើម្បីបម្រើឱ្យការផ្សាយកាន់តែមានគុណភាព លឿន ច្បាស់ បានឆ្ងាយ ខណៈដែលដំណើរការនៃគោលនយោបាយឌីជីថល របស់ក្រសួងព័ត៌មាន ដែលបានដាក់ចេញ ក្នុងគម្រោងចន្លោះឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៣ គឺទីតាំងនៅលើភ្នំបូកគោនេះ ក៏ជាគោលដៅមួយនៃបង្គោលអង់តែន សម្រាប់ថ្នាល វិទ្យុ និងទូរទស្សន៍ ឌីជីថលនេះផងដែរ។ 

ឯកឧត្តម បានបញ្ជាក់ថា ទីតាំងនៅលើភ្នំបូកគោនេះ មានលក្ខណ:អំណោយផលល្អ សម្រាប់ដាក់ស្ថានីយផ្សាយបន្ត វិទ្យុជាតិFM ៩៦ ,វិទ្យុ FM វត្តភ្នំ ,វិទ្យុ FM ខេត្តកំពត និងផ្សាយបន្តទូរទស្សន៍ជាតិកម្ពុជា ដែលអាចផ្សាយបានទៅកាន់ តំបន់ឆ្ងាយៗ ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកមើលឃើញ និងស្តាប់បានពីការផ្សាយរបស់វិទ្យុ និងទូរទស្សន៍     អំពីដំណឹង និងព័ត៌មានថ្មីៗទាន់ហេតុការណ៍ ។ 

ឯកឧត្តមបន្តថា អ្វីដែលសំខាន់គឺការផ្សាយ អំពីការព្យាករណ៍អាកាសធាតុ សម្រាប់អ្នកនេសាទនៅសមុទ្របានដឹង ដែលបញ្ចៀសពីឧបទ្ទវហេតុផ្សេងៗដែលអាចកើតមាន។ ក្នុងគម្រោងនៃការសាងសង់អគារនេះ ក៏ទុកសម្រាប់ឱ្យមន្ត្រី ក្រសួងព័ត៌មាន មកលេងកម្សាន្ត និងស្នាក់នៅផងដែរ។ 

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារជាច្រើនដែលត្រូវបំពេញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យ វិស័យព័ត៌មាន និងសោតទស្សន៍កាន់តែរីកចម្រើន ស្របតាមការវិវត្តន៍ នៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន ។

អគារស្ថានីយផ្សាយបន្តពីវិទ្យុ និងទូរទស្សន៍ខេត្តកំពតនេះ ត្រូវបានកសាងឡើងតាំងពីអំឡុងឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែសាងសង់ មិនទាន់រួចរាល់ហើយទុកចោល ដែលជាហេតុធ្វើឱ្យអគារមានសភាពចាស់ទ្រុឌទ្រោម ដែលទាមទារឱ្យមានការជួសជុល ឡើងវិញ ដើម្បីអាចដាក់សម្ភារ ម៉ាស៊ីនផ្សាយដែលអាចផ្សព្វផ្សាយ គ្របដណ្តប់ តាមបណ្តាខេត្តជាប់សមុទ្រ និងភាគនិរតីនៃ ប្រទេសកម្ពុជា៕​