ចំនួននិស្សិតកម្ពុជាសិក្សានៅសហរដ្ឋអាមេរិកកើនឡើងខ្ពស់

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ១១ ២០២០

MC:  រដ្ឋាភិបាលសហរដ្ឋអាមេរិក អះអាងថា ចំនួននិស្សិតកម្ពុជា ដែលបានសិក្សានៅក្នុង មហាវិទ្យាល័យ និងសាកល វិទ្យាល័យនៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់នៅឆ្នាំ២០១៩-២០២០ ដោយមានកំណើន ៨,៣ភាគរយ លើសឆ្នាំមុន។

     របាយការណ៍ Open Doors ឆ្នាំ២០២០ស្តីពីការផ្លាស់ ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាន បញ្ជាក់ថា និស្សិតកម្ពុជាចំនួន ៧៤២នាក់ បានរៀននៅក្នុងមហាវិទ្យាល័យ និងសាកល វិទ្យាល័យ ក្នុងសហរដ្ឋ អាមេរិក ដែលជាកំណើនលើសឆ្នាំ ២០១៨-២០១៩ ដែលមាន ចំនួន៦៨៥នាក់។ ចំនួននេះ បន្តនិន្នាការវិជ្ជមាន ដែលមាននៅក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ។

     ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «នេះជាព័ត៌មានដ៏ប្រពៃ និងគួរឱ្យលើកទឹកចិត្ត។ យើងក៏រីករាយផងដែរ ដែលនិស្សិតកម្ពុជាមើលឃើញពីតម្លៃពិត ប្រាកដនៃផ្នែកឧត្តមសិក្សារបស់អាមេរិក។ ការមាននិស្សិត ខ្មែរសិក្សានៅក្នុងសហរដ្ឋ អាមេរិក គឺជាការល្អសម្រាប់ ប្រទេសយើងទាំងពីរ ហើយវាពង្រឹងទំនាក់ទំនងរវាង ប្រជាជន និងប្រជាជនរបស់យើង។»

    សហរដ្ឋអាមេរិក គឺជាគោលដៅទី១ នៅក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិ ដោយមាននិស្សិតអន្តរជាតិចំនួនជាង១លាននាក់ នៅឆ្នាំ២០១៩ – ២០២០។

    ឯកឧត្តម បានឱ្យដឹងថា ស្ថានទូតនៃសហរដ្ឋអាមេរិកនៅកម្ពុជា ជំរុញឱកាសសម្រាប់ឱ្យនិស្សិតកម្ពុជា បានសិក្សានៅ សហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌល EducationUSA របស់ខ្លួន និងសាកលវិទ្យាល័យបញ្ញាសាស្រ្តនៅភ្នំពេញ និងតាមរយៈសកម្មភាពនៅតាមបណ្ណាល័យរបស់ស្ថានទូត ដែល ស្ថិតនៅតាមទីតាំងចំនួន៤នៅប្រទេសកម្ពុជា និងនៅតាមសាលានានានៅទូទាំងប្រទេសកម្ពុជា៕