ដំណាំដំឡូងមីនៅខេត្តប៉ៃលិន ចាប់ផ្តើមប្រមូលផល ពាក់កណ្តាលខែវិច្ឆិកានេះ មានតម្លៃល្អប្រសើរ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 

ភ្នំពេញ ៖ ការប្រមូលផលដំណាំដំឡូងមីនៅខេត្តប៉ៃលិន បានចាប់ផ្តើមពីពាក់កណ្តាលខែវិច្ឆិកានេះហើយ ហើយតម្លៃវិញក៏ល្អប្រសើរផងដែរ  បើទោះបីជារងផលប៉ះពាល់ពីគ្រោះទឹកជំនន់បន្តិចបន្តួចក្តី ។ 

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានមានប្រសាសន៍ថា ទីផ្សារដំឡូងមីក្នុងខេត្តប៉ៃលិនឆ្នាំនេះល្អជាងឆ្នាំមុន ដោយការប្រមូលផលដើមរដូវនេះ ធ្វើឱ្យប្រជាកសិករទទួលបាន ប្រាក់ចំណូលល្អប្រសើរ ខណៈដែលកសិករបានប្រើប្រាស់ដីដាំដំឡូងមីជិត៤ម៉ឺនហិកតា ស្មើនឹង៩០ភាគរយនៃផ្ទៃដី​ដំណាំរួមផ្សំទូទំាងខេត្ត ។

លោកបានបន្តថា តម្លៃនៅពេលនេះសម្រាប់ដំឡូងមីស្រស់ មានតម្លៃ២បាតស្មើនឹងប្រមាណ២៦០រៀលក្នុងមួយគីឡូ និងដំឡូងស្ងួត( ក្រៀម )មានតម្លៃ៦ទៅ៧បាត ឬស្មើនឹងប្រមាណ៧៨០ទៅ៩១០រៀល  ខណៈដែលឆ្នាំកន្លងទៅដំឡូងមីស្រស់ មានតម្លៃតែ១ទៅ១.៥បាត ឬស្មើនឹងជាង១០០រៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។

លោក​បញ្ជាក់ថា​ «រហូតដល់ពេលនេះគឺមានតម្លៃកើនឡើង បើយើងប្រៀបធៀបគ្នាកាលពីឆ្នាំមុនខែហ្នឹង ដូចគ្នាគឺឆ្នាំមុនបាន តែមួយគីឡូ១.៦០បាត តែខែនេះឆ្នាំនេះគឺបានទៅដល់២បាតឬ២.៥០បាត ហើយការនាំចេញនៅតែដដែលគឺនាំចេញទៅថៃ ហើយខ្លះក៏នាំចេញទៅប្រទេសវៀតណាមដែរតែតិចតួច» ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា  ការនាំចេញដំឡូងមីស្រស់របស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារ អន្តរជាតិ មានបរិមាណ១លាន៧សែនតោន និងដំឡូងមីចំណិតប្រមាណ១លាន២សែនតោនត្រឹមរយៈពេល៩ខែឆ្នាំ២០២០ ទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាម ។ ចំណែកការនាំចេញម្សៅដំឡូងមីវិញ មានបរិមាណ១២ពាន់តោន ទៅកាន់ ប្រទេសឥណ្ឌា ចិន ប៊ែលហ្សិក ហូឡង់ ប៉ាគីស្ថាន ឆែក ក្រូអាត និងប្រទេសអ៊ីតាលី ៕