ក្រសួងធនធានទឹកព្យាករណ៍បឋមសម្រាប់រដូវប្រាំងខាងមុខ នឹងមិនមានការខ្វះខាតទឹកប្រើប្រាស់ឡើយ

វិទ្យុជាតិកម្ពុជា ៖ ហាន់ ស្រីណា


ភ្នំពេញ៖ ក្រសួងធនធានទឹកព្យាករណ៍បឋមសម្រាប់រដូវប្រាំងខាងមុខ នឹងមិនមានការខ្វះខាតទឹកប្រើប្រាស់ឡើយ ដោយសារតែរដូវវស្សាកន្លងមកនេះ ប្រទេសកម្ពុជាទទួលរងសម្ពាធទាប រយៈពេលយូរ ដែលធ្វើឱ្យមានភ្លៀងធ្លាក់ជោគជាំ នៅតាមបណ្ដាខេត្តមួយចំនួន ។
លោក អ៊ុ រីណា ប្រធាននាយដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្រាប់រដូវប្រាំងខាងមុខនេះ គឺមានទឹកប្រើប្រាស់ប្រសើរជាងឆ្នាំមុន ព្រោះដោយសារ ក្នុងរដូវវស្សាកន្លងមក ប្រទេសកម្ពុជាមានភ្លៀងធ្លាក់ជោគជាំ បានហូរ មកបំពេញ បឹងបួរ ព្រែក ប្រឡាយ និងអាងស្តុកទឹកនានា បានពេញពាសគ្រប់ចំនួន អាចធ្វើឱ្យប្រជាកសិករមានទឹកប្រើប្រាស់ គ្រប់គ្រាន់ សម្រាប់វិស័យកសិកម្ម ។
« សង្ឃឹមថាអាកាសធាតុរដូវប្រាំងឆ្នាំ២០២១ មិនព្រួយបារម្ភដូចឆ្នាំទៅៗនោះទេ ដោយសាជំនន់ហ្នឹង វានៅសល់ទឹក ដែលនេះ គ្រាន់តែជាបឋមទេ មិនទាន់ផ្លូវការទេ យើងគិតថាវាមានផលវិជ្ជមានច្រើននៅពេលចូលដល់រដូវប្រាំង២០២១» ។
លោក បានបន្ថែមទៀតថា ទោះបីបច្ចុប្បន្នទឹកនៅមានពេញតាមប្រឡាយ ស្ទឹង បឹង ព្រែកក៏ដោយ ក៏ប៉ុន្តែមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ នៅតែមានការព្រួយបារម្ភ និងប្រុងប្រយ័ត្នជានិច្ច ចំពោះការប្រើប្រាស់ទឹករបស់ប្រជាកសិករ ។ មន្ត្រីជំនាញបានចុះទៅផ្សព្វផ្សាយតាមមូលដ្ឋា ជាហូរហែ អំពីការប្រើប្រាស់ ទឹកឱ្យមានការប្រុងប្រយ័ត្ន និង សន្សំសំចៃខ្ពស់ បំផុត ហើយមិនអនុញ្ញាតអោយកសិករណា បង្ហូរទឹកចោលដោយគ្មានការអនុញ្ញាតនោះទេ។ ដូច្នេះការប្រើប្រាស់ទឹករបស់ប្រជាកសិករ ក្នុងការស្រោចស្រពដំណាំផ្សេងៗ គឺឋិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ ដោយសារតែយើងធ្លាប់ជួបបញ្ហាខ្វះខាតទឹកកាលពីឆ្នាំមុនៗ ៕