ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នឹងរួមចំណែកយ៉ាងសំខាន់ទាក់ទាញភ្ញៀវទេសចរនិងអ្នកវិនិយោគបន្ថែមមកកម្ពុជា

 

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា 

ភ្នំពេញ៖ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ខាងមុខនេះ នឹងផ្តល់ផលចំណេញ ជាច្រើនដល់កម្ពុជា តាមរយៈការទាក់ទាញភ្ញៀវទេសចរនិងអ្នកវិនិយោគបន្ថែមមកកម្ពុជា។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការវប្បធម៌   បរិស្ថាននិងអប់រំកីឡានៃ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នំា២០២៣ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីមុខមាត់ សមត្ថភាព និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ប៉ុណ្ណោះទេ ថែមទំាងចំណេញខាងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងចំណេញទៅដល់វិស័យទេសចរណ៍របស់កម្ពុជា បន្ថែមទៀត។ ឯកឧត្តម បញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ មានប្រភេទកីឡាច្រើនចម្រុះគ្នា មានជាតិសាសន៍ ច្រើនប្រទេសចូលរួម ដូច្នេះឱកាសនេះ ភ្ញៀវទេសចរចូលមកកម្ពុ ក៏ច្រើនដែរ ហើយក៏ជាឱកាសមួយទៀតរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិន តាមរយៈព្រឹត្តិការណ៍នេះផង។

«ការរៀបចំកីឡាស៊ីហ្គេមនេះវានឹងផ្តល់ភាពចំណេញមួយ គឺការទាក់ទាញអ្នកវិនិយោគនិងទេសចរណ៍របស់យើង គឺបង្ហាញឱ្យឃើញភ្ញៀវជាតិនិងអន្តរជាតិនិងអ្នកវិនិយោគមកទាំងអស់ នៅពេលយើងរៀបចំបានល្អគឺយើងទទួលបានការ កោតសរសើរ គេនឹងត្រឡប់មកវិនិយោគនៅកម្ពុជារបស់យើងស្របទៅតាមបរិបទដែលគេឃើញជាក់ស្តែង។ជាចំណុចសំខាន់ណាស់នៅក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមដែលបង្ហាញឲ្យឃើញកិត្តិយសជាតិសេចក្តីថ្លៃថ្នូររបស់យើង ទាំងអស់គ្នាក្នុងនាមជាជនជាតិខ្មែរដែលទទួលភារកិច្ចក្នុងការធ្វើជាម្ចាស់ផ្ទះ»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ប្រព្រឹត្តទៅរៀងរាល់២ឆ្នាំម្ដង  ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទីី១៧ ខែឧសភាឆ្នាំ ២០២៣ បន្ទាប់ពីប្រទេសវៀតណាម ៕