ក្រសួងអប់រំ យុវជន និងកីឡាបើកការហាត់ប្រាណ និងពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០–
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសជូនដំណឹង នៅក្នុងលិខិតផ្លូវការជារួមមួយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុញ្ញាតឱ្យដំណើរគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅភ្នំពេញ និងទីរួមខេត្តកណ្តាល ព្រមទាំងអនុញ្ញាតឱ្យមានការហាត់ប្រាណ និងលេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឱ្យមានការហាត់ប្រាណ លេងកីឡា និងការចេញចូល បរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីថ្ងៃនេះតទៅ ដោយបន្តអនុវត្តនូវវិធានសុវត្ថិភាពសុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គលផងដែរ។ ការបើកឱ្យដំណើរការសកម្មភាពកីឡា និងការលេងកីឡាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនេះ ក្រោយប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យគ្រប់ផ្នែកគ្រប់វិស័យដំណើរការឡើងវិញ ដូចពេលមុនព្រឹត្តិការណ៍៣វិច្ឆិកា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នំា២០២០ និងបន្ទាប់ពីប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា។

ការលេងកីឡាគ្រប់ប្រភេទកីឡាដែលមានលក្ខណៈប្រមូលផ្តុំ និងការបិទការចេញចូលនៃពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន បានធ្វើឡើងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ការផ្អាកដំណើរការនេះគឺផ្អាកទាំងការប្រកួតនានា ការហ្វឹកហាត់ក្រុមជម្រើសជាតិថ្នាលឈុតធំ និងក្រុមជម្រើសជាតិថ្នាល ដែលស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះដែរ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាកីបានជូនដំណឹងមួយដែរ ដោយយោងលើលិខិតអនុញ្ញាតរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយជូនដំណឹងដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាករិនីជម្រើសជាតិ និងក្រុមថ្នាលទាំងអស់ ស្តីពីការអនុញ្ញាតឱ្យបើកដំណើរការការហ្វឹកហាត់ឡើងវិញលើគ្រប់ប្រភេទកីឡាទាំងអស់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ ប៉ុន្តែត្រូវបន្តអនុវត្តន៍នូវវិធានសុវត្ថិភាពសុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល៕

ដោយ ហេង ណាលីន