ប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបង្កបង្កើនផលស្រូវរដូវប្រាំងជាបណ្តើរៗហើយ

 

វិទ្យុជាតិកម្ពុជា៖ ស្រីផល

MC៖ ប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបង្កបង្កើនផលស្រូវរដូវប្រាំងជាបណ្តើរៗហើយ បន្ទាប់ពីការប្រមូលផល ស្រូវរដូវវស្សាជិតបញ្ចប់។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មកដល់ពេលនេះ ប្រជាកសិករបានចាប់ផ្ដើមធ្វើស្រូវប្រាំងជាបណ្ដើៗហើយ ដែលឆ្នាំនេះផ្ទៃដី ដែលអាចធ្វើស្រូវប្រាំងបានមាន ចំនួនជាង២ម៉ឺនហិកតា ។ លោកបានបន្តថា ប្រជាពលរដ្ឋចាប់ផ្តើមធ្វើស្រូវប្រាំងនេះ ដោយសារតែឆ្នាំនេះ មានទឹកគ្រប់គ្រាន់ ព្រោះទឹកនៅតាមប្រឡាយមានច្រើន ខណៈដែលប្រជាកសិករមានការយល់ដឹងច្រើនពីរបៀបទប់ទឹកមិនឱ្យហូរចូលទៅ ទន្លេវិញ ពិសេសមានការយល់ដឹងច្រើនពីបច្ចេកទេសក្នុងការដាំដុះ។
លោកបានបន្តទៀតថា មន្ទីរក៏បានធ្វើការផ្សព្វផ្សាយ និងណែនាំដល់ប្រជាកសិករឱ្យចេះរក្សាទឹកទុក ក៏ដូចជាងាកមកដាំដំណាំ កសិកម្មរួមផ្សំបន្ថែម ជំនួសការធ្វើស្រែ ចំពោះតំបន់ណា ដែលមិនមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីចៀសវាងការខ្វះខាតទឹកស្រោចស្រព។
សំឡេង៖ យើងបានផ្សព្វផ្សាយជាប្រចាំ ហើយជាពិសេសយើងមានវេទិកាសាធារណៈ យើងតែងតែជូនយោបល់ ទៅក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ដើម្បីឱ្យគាត់គិតថាទឹកអាងហ្នឹង អាចស្រោចបានប៉ុណ្ណា។ ហើយមន្ត្រីយើងសព្វថ្ងៃក៏នៅតែចុះមើលពីលទ្ធភាពហ្នឹង ហើយអាជ្ញាធរ ក៏គាត់យកចិត្តទុកដាក់ដែរ ក្នុងការប្រើប្រាស់ទឹកនេះ ដើម្បីធានាបាននូវការស្រោចស្រពដំណាំស្រូវឱ្យបានគ្រប់គ្រាន់។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយទទួលរងការប៉ះពាល់ដំណាំស្រូវរាប់ម៉ឺនហិកតាដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែបច្ចុប្បន្នប្រជាកសិករ កំពុងមមាញឹកប្រមូលផលស្រូវស្រាល និងតំបន់ខ្លះ ចាប់ផ្ដើមសាបព្រួស សាជាថ្មី បន្ទាប់ពីរងការ ខូចខាតដោយជំនន់ទឹកភ្លៀង កាលពីពេលថ្មីៗមកនេះ៕ ​