បងប្អូនជនជាតិព្រៅនៅភូមិការតូត ស្នើឱ្យអាជ្ញាធរសាងសង់ទំនប់ស្ទាក់ទឹកអូរតាង៉យ ដើម្បីបម្រើដល់ការប្រើប្រាស់

វិទ្យុជាតិកម្ពុជា៖  គឹមហឿន ស្ទឹងត្រែង 

MC ៖ បងប្អូនជនជាតិព្រៅនៅភូមិការតូតជាង១០០គ្រួសារ បានស្នើឱ្យលើកគម្រោងសាងសង់ទំនប់ស្ទាក់ទឹកអូរតាង៉យ  ដើម្បីយកទឹកមកប្រើប្រាស់ឱ្យបានស្រួល    ព្រោះទឹកអណ្តូងស្នប់ នៅខែប្រាំងប្រើប្រាស់មិនបានគ្រប់គ្រាន់ឡើយ។

        ក្នុងឱកាសចុះពិនិត្យប្រភពទឹកអូរតាង៉យ  នៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក ខាន វីន មេភូមិការតូត បានបញ្ជាក់ថា៖ ជាទម្លាប់បងប្អូនជនជាតិនិយមប្រើប្រាស់ទឹកនៅអូរតាង៉យនេះ ព្រោះវាជាប្រភពទឹកធម្មជាតិ ហូរចេញពីចង្កេះភ្នំការតូតចុះមក។

     លោកបន្តថា ៖ បងប្អូនជនជាតិស្នើឱ្យលើកគម្រោងសាងសង់ទំនប់ស្ទាក់ទឹកអូរនេះ ដើម្បីងាយស្រួលដង ឬ បូមយកទៅ ប្រើប្រាស់តាមគ្រួសារនីមួយៗ និងបម្រើដល់ការស្រោចស្រពដំណាំផង។

      លោកមេភូមិបន្ថែមថា៖គោលបំណងនេះ បងប្អូនប្រជាពលរដ្ឋគ្មានលទ្ធភាពធ្វើបានឡើយ ដូច្នេះសូមស្នើទៅអាជ្ញាធរស្រុក  ឬអង្គការដៃគូមានលទ្ធភាពជួយរិះរកមធ្យោបាយធ្វើយ៉ាងណា សាងសង់ទំនប់ស្ទាក់ទឹកនេះឱ្យបាន  ដើម្បីជាប្រយោជន៍រួមជួយ ដោះស្រាយកការលំបាក ជូនប្រជាពលរដ្ឋយើងប្រើប្រាស់ឱ្យបានស្រួលជាងសព្វថ្ងៃនេះ។

    លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ថា៖គម្រោងនេះអាជ្ញាធរស្រុកបានដាក់បញ្ចូលទៅក្នុងផែនការ វិនិយោគ៣ឆ្នាំរំកិលហើយ ដើម្បីស្នើសុំទៅមន្ទីរពាក់ព័ន្ធឬអង្គការដៃគូដែលមានធនធានមកជួយនៅឆ្នាំ២០២១ខាងមុខនេះ។

        លោកបន្តថា៖ ដំណោះស្រាយចំពោះមុខនេះ អាជ្ញាធរសហការជាមួយសប្បុរសជននឹងប្រមូលធនធាន​ដែលអាចធ្វើទៅ​បាន ( ច្រកជាបាវខ្សាច់)ទប់ជាបណ្តោះអាសន្ន ឱ្យទឹកឡើងខ្ពស់សម្រាប់បម្រើជូនបងប្អូនដែលកំពុងប្រើប្រាស់បច្ចុប្បន្ននេះ។

          ជាមួយនេះ លោកអភិបាលស្រុក សំណូមពរឱ្យបងប្អូននៅភូមិការតូតនេះ នាំគ្នាសម្អាតទីតាំង ដែលជាតម្រូវការ ធ្វើកន្លែងសាងសង់ឱ្យបានច្បាស់លាស់ និងសិក្សាពីផលប៉ះពាល់បរិស្ថានជុំវិញតំបន់នោះផង។

           សូមបញ្ចាក់ថា៖ អូរតាង៉យនេះ មានប្រភពទឹកហូរធ្លាក់មកទាំងខែប្រាំងក៏ដូចជាខែវស្សា ដែលអំណោយផល ដល់បងប្អូនប្រើប្រាស់ប្រចាំថ្ងៃ  និងស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ៕