នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យ នាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យវរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី នាយការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួន លោក វរសេនីយ៍ឯក អនិរុទ្ទ រដ្ឋៈផន ដែលទើបបានតែងតាំងថ្មី ជាសេនានុព័ន្ធ កងទ័ពជើងអាកាស និងជានាយរងការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃប្រចាំកម្ពុជា។

ក្នុងជំនួបដែលបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះ វរសេនីយ៍ឯក អនិរុទ្ទ រដ្ឋៈផន ដែលទើបតែងតាំងថ្មីមកបំពេញ បេសកកម្មការទូតនៅកម្ពុជា ដោយនាយឧត្ដមសេនីយ៍បានមានជំនឿយ៉ាងមុតមាំថា តាមរយៈ បេសកកម្មការទូតរបស់លោក ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងពង្រីកចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្ន កងទ័ពប្រទេសទាំងពីរ តែងបានរួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាង ល្អប្រសើរ ចាប់តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់ថ្នាក់ក្រោម ជាពិសេសកិច្ចទំនាក់ទំនង នៅតាមបន្ទាត់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

នាឱកាសនោះដែរ លោកវរសេនីយ៍ឯក ភិស្នុ សារ៉ាត់ធី បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំអគ្គបញ្ជាការ និងបណ្ដាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទ ដែលបាន ផ្តល់កិច្ចសហការ និងជួយសម្រួលកិច្ចការនានាបានល្អក្នុងពេលកន្លងមក៕ដោយសំ សាម៉ន