ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

MC៖ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានសហការយ៉ាងល្អជាមួយនឹងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ដែលមាននគរបាល និងកងរាជអាវុធហត្ថ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានី ភ្នំពេញ រើសប្រជាការពារបន្ថែមដើម្បីធ្វើកិច្ចការងារការពារ និងរៀបចំសុខសណ្តាប់ធ្នាប់សាធារណជូនប្រជាពលរ ក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ។
ថ្លែងក្នុងពិធីផ្តល់អំណោយលើកទឹកចិត្តដល់ប្រជាការពារក្នុងខណ្ឌព្រែកព្នៅនិងខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា នា សាលា ខណ្ឌទំាង២ ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា ដ្បិតកងកម្លាំងប្រជាការពារជាមន្រ្តីជាប់កិច្ចសន្យា ប៉ុន្តែបានជួយដល់ កងកម្លាំងមួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្អាតអនាម័យបរិស្ថានបានល្អថែមទៀតផង ។ ឯកឧត្តមបន្តថា អ្នកប្រឆាំងគេតែងតែលើកឡើងថា ប្រជាការពារជាកម្លាំងខុសច្បាប់ ប៉ុន្តែកម្លាំងនេះមិនមែនជាកម្លាំងខុសច្បាប់ នោះទេ ប្រជាការពារគឺជាកម្លាំងស្នូល ដោយបានអនុលោមតាមក្រសួងមហាផ្ទៃ ហើយមានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ។ ឯកឧត្តមបានបន្ថែមថា ការយកចិត្តទុកដាក់និងផ្តល់អំណោយដល់ប្រជាការពារនាពេលនេះ គឺជាការលើកទឹកចិត្តដល់កម្លំាង ប្រជាការពារ ដែលបានខិតខំបម្រើសង្គមនាពេលកន្លងមក ម្យ៉ាងវិញទៀត ដោយសារតែប្រជាការពារមានប្រាក់បៀវត្សតិច ដូច្នេះសម្តេចតេជោតែងតែគិតគូរពីកងកម្លាំងណាដែលមានជីវភាពខ្វះខាត ។

«ខ្ញុំក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តែងតែគិតគូរដល់កម្លាំងគ្រប់ប្រភេទ ប៉ុន្តែគិតគូរថា កម្លាំងណាដែលមានជីវភាពខ្សត់ខ្សោយជាងគេគឺយើងបំពេញបន្ថែមជូនគាត់ ។ ចំណុចនេះខ្ញុំជឿជាក់ថា ក្រោមការដឹកនាំ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី កម្លាំងទាំងអស់ក្រោមឱវាទរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដំបូលនៃសន្តិភាពមិនមាន ការច្រណែននឹងបញ្ហានេះទេ » ។
ឯកឧត្តមបានរំលឹកថា ក្នុងករណីមានបាតុកម្មរបស់កម្មករស៊ីនទ្រីកន្លងមក បានធ្វើឱ្យមានការកកស្ទះសំរាម ហើយដើម្បី ដោះស្រាយបញ្ហានេះ កម្លាំងដែលជាស្នូលបំពេញការងារដំបូងគេ គឺប្រជាការពារ ដែលនេះជាចំណុចសំខាន់ដែលយើង ត្រូវដឹងពីប្រជាការពារ មិនត្រឹមតែជាអ្នកការពារសន្តិសុខជូនប្រជាពលរដ្ឋទេ ប៉ុន្តែជាអ្នកបម្រើការងារបរិស្ថាន និងការងារ គ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋទៀតផង ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា បច្ចុប្បន្ននេះ បងប្អូនប្រជាការពារបានបំពេញ ការងារស្នូលជាច្រើននៅ ក្នុងសង្គម ដូចជា ការយាមល្បាតនៅក្នុងមូលដ្ឋាន ការជួយសម្រួលចរាចរណ៍នៅក្នុងតំបន់ទីប្រជុំជន ការជួយទុក្ខធុរ:របស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន និងការចុះជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា អំណោយដែលបានចែកជូនបងប្អូនប្រជាការពារនាខណ្ឌទំាង២ ម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ ១កេស ៕​