ឯកឧត្តម ឃួង ស្រេង៖ នៅឆ្នាំ២០២០នេះ ប្រទេសកម្ពុជាមានបញ្ហាប្រឈមធំៗចំនួនបី តែយើងអាចដោះស្រាយបាន ដោយជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០–

នៅឆ្នាំ២០២០នេះ ប្រទេសកម្ពុជាមានបញ្ហាប្រឈមធំៗចំនួន៣ គឺបញ្ហាសំរាមទឹក ជំនន់ទឹកភ្លៀង និងជំងឺកូវីដ-១៩។ តែយើងអាចដោះស្រាយទទួលបានដោយជោគជ័យ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះនៅក្នុងពិធីចុះ ជួបសំណេះ សំណាល និងផ្ដល់អំណោយសប្បុរសធម៌ជូន ដល់កម្លាំងប្រជាការពារសណ្ដាប់ ធ្នាប់ខណ្ឌ ចំនួន២គឺ ខណ្ឌព្រែកព្នៅ៥០នាក់ និងខណ្ឌឫស្សីកែវ៥០នាក់ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា បញ្ហាប្រឈមធំៗចំនួន៣គឺ៖ ទី១. បញ្ហាសំរាម ដោយសារតែកម្មករ ក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្ម មិនព្រមប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ហើយក្នុងខណៈនោះ ក្រសួងមហាផ្ទៃបានសម្រេចបញ្ចេញនូវកម្លាំងចម្រុះ ដើម្បីធ្វើការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះប្រជាការពារជាកម្លាំងស្នូល ក្នុងកិច្ចប្រតិបត្តិការនៃការប្រមូលសំរាមនេះ រហូតយើងទទួលបាន លទ្ធផលជោគជ័យ ដោយក្នុងមួយថ្ងៃយើងអាចប្រមូលសំរាមបានដល់៣ពាន់តោន។

ទី២. ជំនន់ទឹកភ្លៀង ដែលបានជន់លិចរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយ ចំនួនទៀត។ ប៉ុន្តែបញ្ហាប្រឈមនេះត្រូវបានដោះស្រាយទទួលបានជោគជ័យផងដែរដោយ សារតែយើង បានប្រើប្រាស់នូវកម្លាំងសរុប មានទាំងកងកម្លាំងប្រដាប់អាវុធ និងកម្លាំងស៊ីវិល រួមសហការគ្នា ដោយបានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ជាមួយនឹងការផ្ដល់ ជាស្បៀងអាហារជូនពួកគាត់បានគ្រប់គ្រាន់ផងដែរ។

ទី៣. គឺព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ដែលប្រទេសកម្ពុជាបានប្រឈមនឹងជំងឺកូវីដ-១៩ តែក្រោមការដឹកនាំរបស់ សម្ដេចតេជោ កម្ពុជាបានគ្រប់គ្រងជំងឺកូវីដ-១៩នេះ ទទួលបានជោគជ័យ ដោយមិន ឱ្យរាលដាលដល់សហគមន៍។

សូមបញ្ជាក់ថា អំណោយដែលយកទៅចែកជូនដល់កម្លាំងសណ្ដាប់ធ្នាប់ទាំងពីរ ខណ្ឌនោះ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងម៉ាស់ផងដែរ៕ ដោយ សួស សំរិត