មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ត្រៀមជួសជុលស្តារ អណ្តូងទឹកជាង៨០០ ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង នាពេលកន្លងមក

វិទ្យុជាតិកម្ពុជា លោក អេង យូ 

MC.  មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបត្រៀមជួសជុលស្តារ អណ្តូងទឹករបស់ប្រជាពលរដ្ឋជាង៨០០កន្លែង ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ដើម្បីធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់ ខណៈ អណ្តូងទឹកដែលលិចលង់ដោយជំនន់ទឹកភ្លៀងទាំងនោះ មានបញ្ហាប្រឈមច្រើនដែលកើតចេញពីទឹកកខ្វក់ និងមេរោគផ្សេងៗ។

លោកខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ដោយសារជំនន់ទឹកភ្លៀងកាលពីខែតុលាកន្លងទៅថ្មីៗនេះ ធ្វើឱ្យបណ្តាស្រុកចំនួន៨របស់ខេត្តសៀមរាប រងការលិចលង់ ក្នុងនោះក៏បានធ្វើឱ្យអណ្តូងទឹករបស់ប្រជាពលរដ្ឋប្រមាណជាង៨០០អណ្តូង រងផលប៉ះពាល់ផងដែរ។លោកបន្តថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កំពុងស្វែងរកថវិកា ដើម្បីធ្វើការស្តារឡើងវិញនូវអណ្តូងទឹកដែលបានជ្រាបទឹកកខ្វក់ចូលនោះ ដើម្បីធានាសុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋប្រើប្រាស់នាពេលខាងមុខ។

លោកបន្តថា ចំពោះបណ្តាស្រុកដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក មានដូចជា ស្រុកស្រីស្នំ អង្គរជុំ ពួក ក្រឡាញ់ ស្រុកវ៉ារិន្ទ បន្ទាយស្រី អង្គរធំ និងស្រុកសូទ្រនិគម។

លោក​បញ្ជាក់​ថា​ អណ្តូងទឹកអី ក៏មានការលិចអស់៨ស្រុកនេះ ប្រហែលជា៨៧១អណ្តូង អណ្តូងលិចទាំងអស់នេះមិនមែនខូចអីទេ គ្រាន់តែចូលទឹកកខ្វក់ ទឹកមេរោគចូលទៅ បើយើងមានថវិកា យើងនឹងបូម បាញ់ ផ្លុំវាទៅដាក់ថ្នាំសម្លាប់មេរោគ នឹងប្រើប្រាស់ បានវិញ។

គួរជម្រាបផងដែរថា យោងតាមរបាយការណ៍ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នៅដើមឆ្នាំ២០២០នេះ អត្រាផ្គត់ផ្គង់ទឹកស្អាតសម្រេចបានចំនួន៧៣,៩០ភាគរយ អត្រាគ្របដណ្តប់អនាម័យមាន៧៤,៦០ភាគរយ បើប្រៀបធៀបនឹងទស្សនវិស័យនៅឆ្នាំ២០២៣វិញ គឺនៅខ្វះ១៦.០១ភាគរយ និង ផ្នែកអនាម័យនៅខ្វះ១៥.០៤ភាគរយទៀត សម្រាប់រយៈពេល៣ឆ្នាំខាងមុខ។

ដោយឡែកនៅក្នុងផែនការយុទ្ធសាស្រ្តថ្នាក់ជាតិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណានៅក្នុងឆ្នាំ២០២៥ខាងមុខ ប្រជាជនគ្រប់រូបរស់នៅតំបន់ជនបទ១០០ភាគរយនឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាត ដែលមានការកែលម្អប្រកបដោយ និរន្តរភាព៕​