រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី​២៥ វិច្ឆិកា​ខាងមុខ ដើម្បី​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៧

AKP ភ្នំពេញ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០–
​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​៤​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានអនុម័ត​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​ពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៧ ទាក់ទង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សេវា​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវអាកាស​។

​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ទាំង​៧ នោះ​មាន​៖
– សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​។​
– សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។
– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការទទួលស្គាល់​ទៅវិញទៅមក​លើ​ការផ្តល់​អាជ្ញា​បណ្ណ​ក្រុម​អាកាសយានិក​។​
– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖ ពិធីសារ​ទី​៣ ស្តីពី​សិទ្ធិ​សហការ​លើ​ជើងហោះហើរ​ក្នុងស្រុក​ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ .​ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល​រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​។​
– សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម​។​
– សេចក្តីព្រាងច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ​។
-​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ៕ ដោយ​៖ ប៉ាល់ សុង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​