អាមេរិកដកចេញបម្រាមហោះហើររបស់យន្តហោះប្រភេទប៊ូអ៊ីង ៧៣៧ មាក្ស (MAX) បន្ទាប់ពីធ្វើការស៊ើបអង្កេតរួច

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៩.១១.២០)

អាមេរិក៖ កាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកាសហរដ្ឋអាមេរិកបានដកចេញបម្រាមហោះហើរ ដែលបានអនុវត្តអស់រយៈពេល ២០ ខែមកហើយនោះ   ចំពោះយន្តហោះប្រភេទ ៧៣៧ មាក្ស (MAX) របស់ក្រុមហ៊ុនប៊ូអ៊ីង ។

ការសម្រេចចិត្តនេះបានបន្ធូរបន្ថយ​វិបត្តិផ្នែកសុវត្ថភាព   ដែលបានធ្វើឲ្យប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះល្បីល្បាញរបស់ក្រុមហ៊ុនប៊ូអ៊ីង   និងធ្វើឲ្យយន្តហោះ​រាប់រយគ្រឿងត្រូវចតស្ងៀមលើដី ។     ប៉ុន្តែសាច់ញាតិរបស់ជនរងគ្រោះដែលបានទទួលគ្រោះថ្នាក់ធ្លាក់យន្តហោះកន្លងមកបានថ្កោលទោសចំពោះការសម្រេចចិត្តនេះ។

ប្រធានរដ្ឋបាលផ្នែកអាកាសចរណ៍សហព័ន្ធរបស់អាមេរិកបានចុះហត្ថលេខាលើបទបញ្ជា ដែលដកចេញបម្រាម​ហោះហើរចំពោះយន្តហោះប្រភេទប៊ូអ៊ីងនេះ   ដែលជាការផ្អាកមិនហោះហើរមានរយៈពេលវែងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ ។