សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហាញ​វត្តមាន​ជា​លើកដំបូង​នៅ​ទីលាន​វាយកូនគោល​បន្ទាប់ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​

AKP ភ្នំពេញ ថ្ងៃ​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០
​បន្ទាប់ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា និង​ការធ្វើការ​តេស្ត​លើក​ទី​៤ ដែល​បង្ហាញថា​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបង្ហាញ​វត្តមាន​ជា​លើកដំបូង នៅឯ​ទីលាន​វាយកូនគោល នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​នៅលើ​ផេ​ក​ផ្លូវការ​នា​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ​បានសរសេរថា ដោយសារ​ជាប់រវល់ ពិសេស​ការដោះស្រាយ​ជួយ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ បូក​បន្ថែម​ដោយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ខ្ញុំ​មិនបាន​វាយកូនគោល ឬ​ហាត់ប្រាណ​ជាង​មួយខែ​ហើយ​។ សម្ដេច​តេ​ជោ​បាន​បន្តថា ថ្ងៃនេះ​ចេញ​វាយកូនគោល​លើកដំបូង​ជាមួយ​សម្ភារ​ថ្មី ពិនិត្យឃើញថា​កម្លាំង វាយ​ហាក់​ខ្លាំង​ជាង​មុន​បន្ទាប់ពី​សម្រាក​ក្នុង​បន្ទប់​១៤​ថ្ងៃ​។ អ្វីដែល​ប្លែក​គឺ​ក្បាលពោះ​ដូច​ជាធំ​ជាង​មុន ដូចនេះ​ខ្ញុំ​ត្រូវ​ដើរ​ឱ្យបាន​ពី​៨​ទៅ​១០​គីឡូម៉ែត្រ​នា​ថ្ងៃនេះ​។ សម្តេចតេ​ជោ​ក៏​សូម​អភ័យទោស​ដែល​សម្តេច​យក​ថ្ងៃ​ធ្វើការ មក​វាយកូនគោល​តែ​សម្តេច​បាន​ពិនិត្យ​សម្រេច​និង ចុះ​ហ​ត្ត​លេខា​លើ​ឯកសារ​នាៗ​រួចហើយ និង​ពេល​ល្ងាច​សម្តេច​បន្តការងារ​ដ​ដែល​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាប​បញ្ជាក់ថា មូលហេតុ​ដែល​ខ្ញុំ​ធ្វើ​ដូចនេះ ក៏​ព្រោះតែ​ចង់ដឹង​អំពី​សុខភាព​ក្រោយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ តើ​មានការ​ប្រែប្រួល​យ៉ាងណា​។ ម្យ៉ាងទៀត​ទីលាន​វាយកូនគោល​នៅជាប់​នឹង​របង​ផ្ទះ​មិនបាន​ចេញទៅ​វាយ​នៅ​ទីលាន​ឆ្ងាយ​ពី​ផ្ទះ​នោះទេ​។ លា​ហើយ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​។​

​គួរ​បញ្ជាក់ដែរថា បើ​យោងតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​ថា ចំនួន​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា នៅសល់​ចំនួន​៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ រីឯ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​៣​វិច្ឆិកា ផ្ទាល់ និង​ប្រយោល សរុប​ចំនួន ១ ៤២២ នាក់ ទទួលបាន​លទ្ធផល​តេស្ត​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់ សម្រាប់​ការធ្វើ​តេស្ត​លើក​ទី ៤ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​នេះ​ជា​លទ្ធផល​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា ដែល​ឈានទៅរក​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា ស្របតាម​សេចក្តីប្រកាស​នៅក្នុង​ទំព័រ​ហ្វេ​ស​បុក របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ការគិតគូរ​ខ្ពស់បំផុត​ដល់​សុខទុក្ខ និង​ការ រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយក៏​សម្រាប់​ការ​បាន​វិលត្រឡប់ ទៅរក​ការរស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី​វិញ​ផងដែរ​។

​សម្តេច​តេ​ជោ បានកំណត់​រួចហើយ​ថា ព្រឹត្តិការណ៍ ៣​វិច្ឆិកា នឹងត្រូវ​បិទ​បញ្ចប់​ការធ្វើ ច​ត្តា​ឡី​ស័ក​តាម​ពេលវេលា រួមមាន សម្រាប់​ថ្ងៃទី​១៩ ខែវិច្ឆិកា​ឆ្នាំ​២០២០ មាន​រាជធានី​ភ្នំពេញ ចំនួន ១ ៥៦៩ នាក់ (​មាន​ជនជាតិ​ហុង​គ្រី​ចំនួន ០៥​នាក់​) ដោយ​រាប់ទាំង​អ្នក​វិជ្ជមាន ០៤​នាក់ ក្នុងនោះ​ជាសះស្បើយ​១​នាក់ និង​៣​នាក់​កំពុង​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែលមាន​ទាំង​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់​ផង​។ ខេត្តកណ្តាល ចំនួន​៦៧​នាក់ ខេត្តពោធិ៍សាត់ ចំនួន​៤០​នាក់ ខេត្តព្រៃវែង ចំនួន ២៣​នាក់ ខេត្តកំពង់ធំ​ចំនួន​៣​នាក់​។ សម្រាប់​ថ្ងៃទី​២១ ខែ ខែវិច្ឆិកា​ឆ្នាំ​២០២០ មាន​ខេត្ត​កែប ចំនួន​១៨​នាក់ ខេត្ត​ព្រះសីហនុ​ចំនួន ៤០​នាក់ ខេត្ត កំពង់ចាម​ចំនួន​១​នាក់​។ សម្រាប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ខេត្តព្រះវិហារ​ចំនួន​២០​នាក់ និង​ខេត្តរតនគិរី​ចំនួន​១០​នាក់​៕ ដោយ​៖ ជឹម ណា​រី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​