កិច្ចប្រជុំ​ក្រុមការងារ​លេខាធិការដ្ឋាន នៃ​ក្រុមការងារ​បច្ចេកទេស ការផ្គត់ផ្គង់​ទឹក ការសម្អាត និង​អនាម័យ​ជនបទ​ថ្នាក់​ខេត្ត ត្រីមាស​ទី​៣

AKP កំពង់ធំ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​៣​កើត ខែ​មិគសិរ ឆ្នាំជូត​ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក លន់ សាយ​តេង ប្រធាន​នាយកដ្ឋាន​សុខភាព នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោក តាន់ វាសនា អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ធំ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​លេខាធិការដ្ឋាន នៃ​ក្រុមការងារ​បច្ចេកទេស ការផ្គត់ផ្គង់​ទឹក ការសម្អាត និង​អនាម័យ​ជនបទ​ថ្នាក់​ខេត្ត (PWGS) ត្រីមាស​ទី​៣ ។

​កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​នៅ​សាលប្រជុំ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ធំ ។​
​ក្នុង​កិច្ចប្រជុំ​នោះ​លោក តាន់ វាសនា បានបង្ហាញ​ពី​គោលបំណង​គឺ​ដើម្បី​ឆ្លុះ​អ​ញ្ចាំ​ង​ការងារ​ដែល​បាន​អនុវត្តន៍ នូវ​កម្មវិធី​លើកកម្ពស់​អនាម័យ​ជនបទ សម្រាប់​រយៈពេល​៩​ខែ ឆ្នាំ​២០២០ និង​ទិសដៅ​បន្ត​ឆ្នាំ​២០២១​។ អង្គប្រជុំ​បានការ​ពិភាក្សា​ស្វែងរក​បញ្ហា​ដែល​កើតឡើង នៅ​សហគមន៍ និង​ស្វែងរក​ដំណោះស្រាយ​។ ពង្រឹង​កិច្ចសហការ​ប្រតិបត្តិកា​រ​ឱ្យ​កាន់តែ​ប្រសើរឡើង​រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​លើ​វិស័យ​ទឹកស្អាត និង​អនាម័យ​ជនបទ​។
​លោក លន់ សាយ​តេង ប្រធាន​នាយកដ្ឋាន​សុខភាព នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានលើកឡើង​ពី ស្ថានភាព​បច្ចុប្បន្ន​អត្រា​គ្របដណ្តប់​ទឹកស្អាត និង​អនាម័យ​ក្នុង​ខេត្តកំពង់ធំ មាន​ភាពល្អប្រសើរ​ជាង​មុន ជា​លទ្ធផល​ការងារ​សម្រេចបាន​រប​ស់កម្ម​វិធី​លើកកម្ពស់ អនាម័យ​ជនបទ​ជំហាន​២​។​

​ការចុះ​ផ្សព្វផ្សាយ​នៅតាម​សហគមន៍​ដល់​ជន​បង្គោល​ភូមិ​-​ឃុំ ស្ដីពី​ការគ្រប់គ្រង​អនាម័យ ពេល​មាន​រដូវ​ទឹកជំនន់ និង​ការផ្លាស់ប្ដូរ​ឥរិយាបថ​តាម​ការប្រាស្រ័យ​ទាក់ទង និង​ចែកជូន​សាប៊ូ​លាងដៃ​ដល់​ស្ត្រី គ្រួសារ​រងគ្រោះ​នៅក្នុង​ភូមិ​។ ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ប​ង្គ​ន់​អនាម័យ ការ​លាងដៃ​នឹង​សាប៊ូ និង​ការ​ផឹកទឹក​សុវត្ថិភាព គឺ​សំដៅ​សម្រេចបាន​សេវា​ប្រកបដោយ​សមភាព​។ លោក​ក៏បាន​អំពាវនាវ​ដល់​អង្គការ​ដៃគូ​អភិវឌ្ឍន៍ ត្រូវ​រៀបចំ​ផែនការ​ដាក់បញ្ចូល​ថវិកា​វិនិយោគ​ឃុំ លើទឹក​ស្អាត និង​អនាម័យ​ប្រចាំឆ្នាំ​។ ត្រូវ​លើកទឹកចិត្ត​ដល់​ស្ត្រី​គ្រួសារ​ងាយ​រងគ្រោះ​ចូលរួម​ធ្វើការ​ក្នុង​សកម្មភាព​ទឹកស្អាត និង​អនាម័យ​។ រៀបចំ​ផែនការ​សកម្មភាព​អនុវត្តន៍​សម្រាប់​ឆ្នាំ​២០២១ ស្តីពី​ការងារ​ទឹកស្អាត និង​ការលើកកម្ពស់​អនាម័យ​ជនបទ ធ្វើ​ផែនការ​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​៕ ដោយ​៖ ស៊ុម វណ្ណា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​