អភិបាលខេត្ត​បាត់ដំបង ទទួល​អំណោយ​ពី​សប្បុរសជន​ដើម្បី​ធ្វើការ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​

AKP បាត់ដំបង ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ព្រឹក​ថ្ងៃ​៣​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានទទួល​អំណោយ​ពី​លោក ហា​ជិ​មិ សៃ​តុ នាយក​សហព័ន្ធ​សន្ដិភាព​សកល​ឥណ្ឌូចិន សម្រាប់​ជួយ​ជន​គ្រួសារ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដោយ​ឧបត្ថម្ភ​ថវិកា​ចំនួន ៨​លាន​រៀល ជូន​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​ចាត់ចែង​ចែក​អំណោយ​ទាំងនេះ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​នាពេល​កន្លងទៅ​ថ្មីៗ​នេះ​។

​ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់​លោក ហា​ជិ​មិ សៃ​តុ នាយក​សហព័ន្ធ​សន្ដិភាព​សកល​ឥណ្ឌូចិន ដែល​បាន​ឧបត្ថម្ភ​ជា​ថវិកា ជូន​ដល់​រដ្ឋបាលខេត្ត ក្នុង​ការងារ​មនុស្សធម៌ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់ ក្នុង​ខេត្តបាត់ដំបង ក្នុង​គ្រា​ដែល​កំពុងតែ​ជួប​ការលំបាក​មួយរយៈ​ពេល​ថ្មីៗ​នេះ ដែល​នេះ​សបញ្ជាក់​ពី​ការជួយ​គ្នា​ទៅវិញទៅមក​។

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តទៀតថា ចំពោះ​ទិន្នន័យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​មាន​ប្រមាណ​ជាង ៧​ពាន់​គ្រួសារ ហើយ​យើង​បាន​ចែក​អំណោយ​ដល់​គ្រួសារ​ក្រីក្រ គ្រួសារ​រងគ្រោះ​ដោយសារ​ទឹកជំនន់​រហូត​ទៅដល់​ជាង ១០​ម៉ឺន ៥​ពាន់​គ្រួសារ រួចហើយ ៕ ដោយ​៖ ណ​យ នឿន ប្រភព​៖ រដ្ឋបាលខេត្ត​បាត់ដំបង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​