អភិបាលរងខេត្តប៉ៃលិនជំរុញដល់ប្រតិបត្តិករក្រុមហ៊ុនឯកជនទូទាំងខេត្តត្រូវគោរពច្បាប់និងចុះបញ្ជីឱ្យបានត្រឹមត្រូវ


វិទ្យុជាតិកម្ពុជា៖ លោក គួន ថង
ប៉ៃលិន៖ លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន ទទួលបន្ទុកមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តបានមានប្រសាសន៍ថា រាល់កិច្ចការដែលពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍ទាំងអស់ តម្រូវឱ្យប្រតិបត្តិករនៃក្រុមហ៊ុនឯកជននីមួយៗ បន្តកិច្ចសហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីអនុវត្តន៍ទៅតាមច្បាប់បទដ្ឋានគតិយុត្តដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញ។
លោកអភិបាលរងខេត្តបានលើកឡើងបែបនេះ នៅចំពោះមុខ ប្រតិបត្តិករបញ្ញើប្រៃសណីយ៍នៅក្នុងខេត្តប៉ៃលិនចំនួន៧ ក្រុមហ៊ុន ដែលចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីច្បាប់គតិយុត្ត និងលិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗលើវិស័យប្រៃសណីយ៍ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នៅ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តប៉ៃលិន ខណៈកន្លងមកមានក្រុមហ៊ុនមួយចំនួនមិនទាន់អនុវត្តន៍តាមច្បាប់កំណត់នៅឡើយ។
លោកបានស្នើឱ្យប្រតិបត្តិករនៃក្រុមហ៊ុនឯកជនដែលមិនទាន់បានចុះបញ្ជីត្រូវរៀបចំឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីចុះបញ្ជីតាមលិខិតបទដ្ឋានច្បាប់គតិយុត្ត និងនីតិវិធីនៅក្នុងការស្នើសុំលិខិតអនុញ្ញាតបើកសាខាបញ្ញើសេវាឆាប់រហ័ស បើមិនដូច្នេះទេនឹងត្រូវពិន័យតាមច្បាប់ជាធរមាន។
លោកស្រី កើត ស៊ីធាម ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគនាគមន៍ខេត្តប៉ៃលិនបានបញ្ជាក់ថា៖ ប្រតិបត្តិករបញ្ញើប្រៃសណីយ៍នៅក្នុងខេត្តប៉ៃលិនមានចំនួន ៧ ក្រុមហ៊ុន រួមមាន៖ ១. សាខា ប្រៃសណីយ៍កម្ពុជា, ២. ក្រុមហ៊ុន វីរៈប៊ុនថាំ,៣. ក្រុមហ៊ុន ភ្នំពេញសុរិយា, ៤.ក្រុមហ៊ុន កាពីតូល, ៥. ក្រុមហ៊ុន J & T Express,៦. ក្រុមហ៊ុន ZTO Express, និងទី៧. ក្រុមហ៊ុន Kerry Express៕­