បទយកការណ៍៖ ផ្សោតទឹកសាប គឺជារតនៈសម្បត្តិរបស់ជាតិមួយ ដែលត្រូវការការចូលរួមអភិរក្សពីគ្រប់សមាសភាព

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ —

ផ្សោតទឹកសាបជាថនិកសត្វមួយប្រភេទ ដែលមានដោយកម្រនៅលើពិភពលោក ហើយនៅព្រះរាជាណាចក្រកម្ពុជា មានផ្សោតទឹកសាបមួយប្រភេទ ដែលមានឈ្មោះថា ផ្សោតក្បាលត្រឡោក ឬផ្សោតទន្លេមេគង្គ ហើយឈ្មោះជាភាសាអង់គ្លេសគឺ Irrawaddy Dolphin និងមានឈ្មោះវិទ្យាសាស្ត្រថា Orcaella Brevirostris ។ សព្វថ្ងៃ មានតែប្រទេសចំនួន០៦ប៉ុណ្ណោះ ដែលមានវត្តមានផ្សោតទឹកសាបរស់នៅ ហើយកម្ពុជាជាប្រទេសដែលមានផ្សោតទឹកសាបច្រើនជាងគេ ដែលកំពុងហែលឡើងចុះតាមខ្សែទឹកដងទន្លេមេគង្គនៅម្តុំព្រែកកាំពី ក្នុងខេត្តក្រចេះ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយនឹងអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានមានប្រសាសន៍ថា ៖ “ផ្សោតទន្លេមេគង្គ គឺត្រូវបានចាត់ទុកថាជារតនៈសម្បត្តិ មានជីវិតដ៏វិសេសវិសាលមួយ ហើយក៏ជាប្រភេទសត្វដែលមានតម្លៃបំផុតសម្រាប់ជាតិយើង ដោយឡែកការបាត់បង់នូវផ្សោតមួយៗ បានធ្វើឱ្យក្រុមការងារដែលធ្វើការងារផ្នែកអភិរក្ស មានការសោកស្តាយបំផុត ប៉ុន្តែក៏រីករាយបំផុតដែរនៅពេលដែលដឹងថាមានការកើនឡើងនូវកូនផ្សោត ឬចំនួនផ្សោត” ។

លោក អ៊ុក វិបុល បានរម្លឹកថា ក្រោមកិច្ចសហការរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងផ្នែកពាក់ព័ន្ធ ដូចជាអាជ្ញាធរមូលដ្ឋាននៃខេត្តក្រចេះ និងស្ទឹងត្រែង អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) និងផ្នែកពាក់ព័ន្ធដទៃទៀត ចាប់តាំងពីឆ្នាំ២០០១ យើងបានធ្វើការសិក្សាស្រាវជ្រាវ និងអភិរក្ស ដោយផ្អែកលើយុទ្ធសាស្រ្តអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលមានផ្នែកសំខាន់ៗចំនួន ០៤ នោះគឺ សកម្មភាពអភិរក្ស ការអប់រំ និងផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងការសម្របសម្រួល និងកិច្ចសហការជាមួយប្រទេសឡាវ។ ក្រោមកិច្ចសហការនេះ បានធ្វើឱ្យចំនួនផ្សោត មានលក្ខណៈថេរ ដោយពុំមានថយចុះច្រើន ឬក៏កើនឡើងច្រើន តាមរយៈការរាប់ចំនួនផ្សោតនៅ ឆ្នា២០១៥ មានផ្សោតចំនួន ៨០ក្បាល ហើយនៅឆ្នាំ២០១៧ តាមរយៈការរាប់ និងស្រាវជ្រាវ គឺផ្សោតបានកើនឡើងចំនួន ១២ក្បាល សរុប ៩២ក្បាល ដោយឡែកនៅឆ្នាំ២០២០នេះ ផ្សោតបានធ្លាក់មកនៅសល់ត្រឹមចំនួន ៨៩ក្បាល គឺថយចំនួន ០៣ក្បាល។

លោក អ៊ុក វិបុល បានគូសបញ្ជាក់បន្ថែមថា៖ “ជាទូទៅ ផ្សោតត្រូវបានដាក់ឈ្មោះ និងមានលេខកូដរបស់វា ទៅតាមព្រុយខ្នង ដែលព្រុយខ្នងនេះមានភាពខុសប្លែកពីគ្នានៅតាមអន្លង់ដែលពួកវារស់នៅ។ ខ្ញុំសូមពន្យល់បន្ថែមថា ព្រុយខ្នងនេះគឺជាលក្ខណៈសម្គាល់ដ៏សំខាន់ ដើម្បីកំណត់ចំនួនផ្សោត ឧទាហរណ៍ថាផ្សោតនេះមានព្រុយខ្នងបែបនេះ ត្រូវមានឈ្មោះនេះជាដើម។ល។ ហើយការរាប់ចំនួនផ្សោត គឺរាប់តែចំនួនជំទង់ និងមេពូជប៉ុណ្ណោះ។ ដោយឡែកនៅក្នុងឆ្នាំ២០២០នេះ ក្រុមការងារបានថតផ្តិតយករូបភាពផ្សោត គឺមានចំនួន ៨៩ក្បាល ក្នុងកម្រិតជឿជាក់ ៩៥% ប៉ុន្តែចំនួននេះ គឺមិនរាប់បញ្ចូលផ្សោតចំនួន២៥ក្បាល ដែលបាត់ដាន (រកឃើញនៅឆ្នាំ២០១៧ មានឈ្មោះ មានលេខកូដសម្គាល់) ក្នុងនេះខ្ញុំសន្និដ្ឋានថា ផ្សោតដែលបាត់ដាននេះ គឺបានចាកចេញពីអន្លង់ដែលវាធ្លាប់រស់នៅ ហើយបម្លាស់ទីទៅកន្លែងផ្សេង ប៉ុន្តែក្រុមការងារក៏មិនទាន់ហ៊ានសន្មត់នោះដែរថាផ្សោតទាំងនេះ បានស្លាប់ឬក៏នៅរស់ ប៉ុន្តែជឿថាផ្សោតទាំងនោះនៅរស់ច្រើនជាង ព្រោះថាបើវាស្លាប់ យើងប្រាកដជាដឹង។ ខ្ញុំសូមជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២០នេះ ចំនួនផ្សោតស្ថិតក្នុងកម្រិតស្មើ ដោយផ្សោតដែលស្លាប់មានចំនួន០៧ក្បាល និងកើតមានចំនួន ០៧ក្បាលដូចគ្នា ប៉ុន្តែផ្សោតចំនួន០៧ដែលបានស្លាប់ មាន២ក្បាល ជាផ្សោតដែលចាស់ មានអាយុចន្លោះពី២៧ ដល់៣០ឆ្នាំ។ យើងក៏មានការសោកស្តាយណាស់ បើមានកូនផ្សោតច្រើនស្លាប់ ព្រោះពួកវាជាអ្នកបន្តវេន ប៉ុន្តែបើផ្សោតចាស់ស្លាប់ គឺជាធម្មជាតិរបស់វាទៅហើយ ព្រោះវាអាចមានជីវិតត្រឹមតែយ៉ាងច្រើន ៣០ឆ្នាំតែប៉ុណ្ណោះ”។

សត្វផ្សោតជាទូទៅ ត្រូវបានគេប្រើប្រាស់សម្រាប់ការវាស់ស្ទង់ គុណភាពរបស់ទឹកទន្លេ គឺមានន័យថាវត្តមានរបស់សត្វផ្សោតនៅទីកន្លែងណាមួយ បានបញ្ជាក់ថាប្រព័ន្ធអេកូឡូស៊ី និងសុខភាពរបស់ទន្លេនៅទីនោះ មានភាពប្រសើរ ដែលសម្បូរដោយត្រីគ្រប់ប្រភេទរស់នៅ ព្រមទាំងជាទីជម្រកដល់វារីសត្វជាច្រើនប្រភេទទៀតរស់នៅផងដែរ។
ទាក់ទងទៅនឹងជីវៈចម្រុះវិញ លោក អ៊ុក វិបុល បានមានប្រសាសន៍ថា ជាទូទៅផ្សោតអាចមានជីវិតរស់នៅក្នុងរង្វង់ពី ២៧ ទៅ ៣០ឆ្នាំ ហើយអាចបន្តពូជបាននៅពេលដែលមានអាយុពី ៧ ទៅ ៩ឆ្នាំ។ ជាទូទៅផ្សោតញីពរពោះរយៈពេល១៤ខែ ដោយកើតម្តងបានកូនតែ០១នោះទេ ហើយផ្សោតអាចផ្តល់កំណើតម្តងទៀតក្នុងរយៈពេលពី ២ឆ្នាំ ទៅ ៣ឆ្នាំ។ ក្នុងនោះកូនផ្សោតដែលបានកើតមកភ្លាម អាចមានប្រវែង ១ម៉ែត្រ និងមានទម្ងន់ប្រមាណ ១០គីឡូក្រាម ហើយបៅដោះមេវាក្នុងរយៈពេល២ឆ្នាំដំបូង។

ដោយឡែក ទាក់ទិនទៅនឹងបញ្ហាប្រឈមវិញ លោក អ៊ុក វិបុល បានបញ្ជាក់ថា ជាទូទៅគឺផ្សោតបច្ចុប្បន្ននៅកម្ពុជាមានវត្តមានរស់នៅតែតាមដងទន្លេមេគង្គក្នុងចន្លោះចាប់ពីអន្លង់កាំពី ក្នុងខេត្តក្រចេះ បន្តឡើងដល់ល្បាក់ខោនក្នុងប្រទេសឡាវ ដែលជាប់ទៅនឹងព្រំប្រទល់ខេត្តស្ទឹងត្រែងប៉ុណ្ណោះ ហើយការនេសាទដែលប្រើប្រាស់មងនៅតាមទីតាំងផ្សោតរស់នៅ គឺជាបញ្ហាប្រឈមចម្បងបំផុត ដែលបង្កឱ្យផ្សោតទាក់ស្លាប់ ហើយក្រៅពីនេះ ការនេសាទដោយប្រើឧបបករណ៍ខុសច្បាប់ផ្សេងៗ ការប្រែប្រួលអាកាសធាតុ ការបម្រែបម្រួលលំហូរទឹក ការថយចុះត្រីនៅក្នុងធម្មជាតិ គឺសុទ្ធតែជាមូលហេតុចម្បងដែលធ្វើឱ្យផ្សោតមានគ្រោះថ្នាក់ និងប្រឈមផងដែរ។

យោងតាមអង្គការ WWF បានឱ្យដឹងថា សត្វផ្សោតមានវត្តមាននៅក្នុងតំបន់អាស៊ី ទាំងនៅតំបន់ឆ្នេរសមុទ្រ តាមមាត់ព្រែកទឹកភ្លាវ និងនៅតំបន់ទឹកសាប។ សត្វផ្សោតក្បាលត្រឡោកទឹកសាបត្រូវបានគេរកឃើញនៅក្នុងទន្លេសំខាន់ៗចំនួន៣គឺទន្លេ Mahakam ក្នុងប្រទេសឥណ្ឌូណេស៊ី ទន្លេ Ayeyarwady ក្នុងប្រទេសមីយ៉ាន់ម៉ា និងទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងភាគខាងត្បូងនៃប្រទេសឡាវ ហើយមានប្រភេទផ្សោតទឹកសាបផ្សេងទៀតក៏មានរស់នៅក្នុងបឹង Songkhla ក្នុងប្រទេសថៃ និងបឹង Chilika ក្នុងប្រទេសឥណ្ឌា។

គួររម្លឹកថា កាលពីសប្តាហ៍កន្លងទៅមាន សត្វផ្សោតចំនួន ០២ក្បាល ត្រូវបានរកឃើញថាស្លាប់នៅទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ ដោយផ្សោតមេ០១ក្បាលមានអាយុប្រមាណ ២៨ឆ្នាំ បានវង្វេងធ្លាក់មកដល់ខេត្តត្បូងឃ្មុំ ហើយដែលត្រូវបានសន្និដ្ឋានថាបានស្លាប់ដោយជរាភាព ហើយប៉ុន្មានថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី១៥ ខែវិច្ឆិកា មានកូនផ្សោត០១ក្បាលទៀត មានអាយុប្រហែលមួយសប្តាហ៍ និងមានទម្ងន់១២គីឡូក្រាម ក៏ត្រូវបានស្លាប់ផងដែរ នៅទីតាំងដូចខាងលើដែរ ដោយពុំមានស្លាកស្នាមថាស្លាប់ដោយមូលហេតុអ្វីទេ។ ប៉ុន្តែបើតាម លោក អ៊ុក វិបុល បានសន្និដ្ឋានថា ផ្សោតទាំងពីរក្បាលនេះអាចជាមេ និងកូន ហើយមេស្លាប់ដោយចាស់ជរា ឯកូនស្លាប់ដោយគ្មានចំណីអាហារ (ទឹកដោះ) ហើយផ្សោតមេ០១ក្បាលនេះ គឺជាផ្សោត ក្នុងចំណោមផ្សោតទាំង ២៥ក្បាល ដែលបាត់ដានក្នុងអំឡុងពេលស្រាវជ្រាវនាឆ្នាំ២០២០។

ចំពោះស្ថានភាពបែបនេះ រដ្ឋបាលជលផល ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការពាក់ព័ន្ធ បាននិងកំពុងពង្រឹងការងារល្បាតការពារសត្វផ្សោតបន្ថែមទៀត ដោយជំរុញឱ្យក្រុមឆ្មាំទាំង ៧២រូប ចុះល្បាតជាប្រចាំ ទាំងយប់ទាំងថ្ងៃ និងពង្រឹងការអប់រំ ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបញ្ឈប់ការដាក់មងនៅក្នុងតំបន់ផ្សោតរស់នៅ ដើម្បីបាននិរន្តរភាពសត្វផ្សោតក្នុងប្រទេសកម្ពុជាយើង។

ផ្សោតទឹកសាប ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ជាប្រភេទសត្វកំពុងរងការគំរាមកំហែង ដែលកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩៕

ដោយ ផែន រតនៈ
រូបថត៖ WWF