ឯកឧត្តម ប្រាក់ សុខុន អះអាងថា មិនបានឆ្លងជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍៣វិច្ឆិកា នោះទេ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្តម ប្រាក់ សុខុន ឧបកនាយករដ្ឋ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអះអាងថា មិនបានឆ្លងជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍៣វិច្ឆិកា ឆ្នាំ២០២០នោះទេ។ ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី បន្ទាប់ពីឯកឧត្តមត្រូវបានក្រុមគ្រូពេទ្យយកសំណាក លើកទី៤ ទៅធ្វើការវិភាគបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩។

ឯកឧត្តម ប្រាក់ សុខុន បានសរសេរលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកាថា “សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់ លទ្ធផលនៃការធ្វើតេស្តរក មេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា”។

ឯកឧត្តមបានបន្តថា ” ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើតេស្ត ជូនដល់ក្រុមគ្រួសារខ្ញុំ និងខ្ញុំ រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ”។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ខ្ញុំសូមជូនពរដល់ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ទទួលបានសុខភាពល្អបរិបូណ៌ និងចៀសផុតពីគ្រោះកាចទាំងឡាយ។
សូមជម្រាបថា ក្រសួងសុខាភិបានបានបញ្ជាក់ថា គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមានចំនួន៣៩១៨ វត្ថុសំណាក (ក្នុងចំនួននោះ មានអ្នកដែលបានធ្វើតេស្តលើកទី១ ចំនួន១៧៤១នាក់, លើកទី២ បានចំនួន៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១៣ ៥២សំណាក) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន៤នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត៕ ដោយ អ៊ាង ប៊ុនរិទ្ធ