គម្រោងស្ថាបនាអគារថ្មីរបស់អគ្គនាយកដ្ឋានចំនួន២ នៃក្រសួងព័ត៌មានសម្រេចបានជាង៣០ភាគរយហើយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី


ភ្នំពេញ៖ គម្រោងស្ថាបនាអគារថ្មីរបស់អគ្គនាយកដ្ឋានចំនួន២នៃក្រសួងព័ត៌មាន សម្រេចបានជាង៣០ភាគរយហើយ បន្ទាប់ពីចាប់សាងសង់កាលពីខែធ្នូឆ្នាំ២០១៩កន្លងមក។
ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានដំណើរការសាងសង់អគារថ្មី នៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ និង អគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ស្ថិតក្នុងបរិវេណទីស្តីការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បន្ទាប់ពីអគារនេះសាងសង់ហើយរួចរាល់ ក្នុងរយៈ ពេល២ឆ្នាំទៀត នឹងធ្វើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងពីរ មានអគារថ្មីសម្រាប់បំពេញកិច្ចការងារ ទៅតាមផ្នែក តាមជំនាញនីមួយៗកាន់តែល្អ ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារ ជាច្រើនដែលត្រូវបំពេញ ទាំងថ្នាក់ជាតិនិងអន្តរជាតិ។ កិច្ចការទំាងនេះ ដើម្បីធ្វើយ៉ាងណា ឱ្យវិស័យព័ត៌មាន និង សោតទស្សន៍ កាន់តែរីកចម្រើន ស្របតាមការវិវត្តន៍ នៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន ។
ឯកឧត្តមបន្ដថា ក្នុងរយៈពេលកន្លងទៅ មានព្រឹត្តិការណ៍ធំៗជាច្រើន ទាំងវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច អភិវឌ្ឍន៍ វប្បធម៌ ប្រពៃណី សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាច្រើនបានប្រារព្ធធ្វើឡើង ហើយរាល់ព្រឹត្តិការណ៍ទាំងអស់នេះ ប្រពន្ធ័ផ្សព្វផ្សាយ ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ក៏បានយកចិត្តទុកដាក់ ផ្សាយបានទាន់ពេលវេលា ស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ ដើម្បីឱ្យប្រជាពលរដ្ឋ គ្រប់ទិសទី បានដឹងបានយល់ តាមរបៀបផ្សាយប្រទាក់ក្រឡាគ្នា ពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ។
គួរបញ្ជាក់ដែរថា ទីតាំងសម្រាប់ការសាងសង់អគារថ្មីនាពេលនេះ គឺពីមុនជាអគារអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ប៉ុន្តែដោយសារអគារនេះ មានភាពចង្អៀត និងចាស់ទៅហើយនោះ ទើបថ្នាក់ដឹកនាំក្រសួងព័ត៌មាន ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល កសាងអគារថ្មី ដើម្បីឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ មានកន្លែងបំពេញការងារ បានសមរម្យ ជាងមុន និងប្រសិទ្ធភាពការងារ បានកាន់តែល្អប្រសើរជាងមុន ។ អគារនេះ មានកំពស់ ១៤ ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារជាង ៣០០ ។ អគារនេះបានចាប់ផ្ដើមដំណើរការសាងសង់កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕​