សម្រស់ទឹកធ្លាក់ឆាយយោង ខេត្តកោះកុង ជាគោលដៅទេសចរណ៍បែបផ្សងព្រេងដ៏ទាក់ទាញ

វិទ្យុជាតិកម្ពុជា ៖អត្ថបទ វ៉ែន សុវុទ្ធី


កោះកុង៖ រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងខេត្តកោះកុង បានក្លាយជាគោលដៅទេសចរណ៍បែបផ្សងព្រេង ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។
លោក សាគុណ ភក្តី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា តំបន់ទេសចរណ៍ឆាយយោងនេះ គឺហ៊ុំព័ទ្ធទៅដោយធម្មជាតិបៃតង និងមានជួរភ្នំ ជ្រលងដងអូរជាច្រើន ពិសេសសម្បូរទៅ ដោយសត្វព្រៃជីវចម្រុះគ្រប់ប្រភេទ ដែលបានផ្តល់ភាពទាក់ទាញបែបធម្មជាតិ ធ្វើឱ្យភ្ញៀវទេសចរមកលេងកម្សាន្ត ជាហូរហែ មិនចេះដាច់។ កន្លែងនេះក៏មានទឹកធ្លាក់ពីលើភ្នំ មានកម្ពស់រហូតជាង៤៥ម៉ែត្រ ដែលមិនចេះរីងស្ងួត មិនថារដូវប្រាំង ឬ រដូវវស្សា ផ្ទៃទឹកខៀវស្រងាត់ អំណោយផលដល់ការងូតទឹកលេងកម្សាន្តផងដែរ។
លោក ទិត្យ លី ប្រធានសហគមន៍អារ៉ែងបានឱ្យដឹងដែរថា ទឹកធ្លាក់ឆាយយោង ជាតំបន់កម្សាន្តបែបធម្មជាតិមួយ ក្នុងចំណោមតំបន់ជាច្រើននៅក្នុងសហគមន៍អារ៉ែង នៅមិនឆ្ងាយពីភូមិរបស់ប្រជាជនកំពុងរស់នៅ ដោយវាស្ថិតនៅ ចំកណ្តាលភ្នំ ហើយទឹកធ្លាក់ឆាយយោងនេះ កំពុងមានការចាប់អារម្មណ៍ពីសំណាក់យុវជន និងភ្ញៀវទេសចរជាក្រុម ដែលមកកម្សាន្តបែបផ្សងព្រេង ពួកគាត់អាចបោះតង់សម្រាកលំហែកាយបានយ៉ាងរីករាយនៅទីនោះ។
លោកបញ្ជាក់ថា សម្រាប់តំបន់ដែលទាក់ទាញបច្ចុប្បន្ននេះ គឺមានមិនច្រើនជាង១០កន្លែងទេ ហើយនៅក្នុងនោះដែរ មានទឹកធ្លាក់ឆាយយោងមួយនិងទឹកធ្លាក់ផ្សេងៗទៀត ដែលនៅជិតសហគមន៍ ហើយនិងតំបន់វាលស្រល់ ដែលមានការ ផ្សព្វផ្សាយ តាមរយៈបណ្តាញសង្គម ដូចខ្នងសំពៅ ខ្នងក្រពើ ខ្នងផ្សារ និង មានតំបន់ម្រេចកង្កែប តំបន់ទឹកឆាយ។ តំបន់ទាំងនោះជាប្រភពចំណូលក៏ដូចជាប្រភពទាក់ទាញភ្ញៀវទេសចរ ដែលមកអារ៉ែងពេលណា គាត់តែងរំលឹក ក៏ដូចជា ដាក់គោលដៅថាត្រូវតែទៅទីនោះឱ្យបាន ទោះបីមកដល់ម៉ោងប៉ុន្មានក៏ដោយគាត់និងព្យាយាមទៅឱ្យដល់ទីនោះ ។
សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយផ្លូវពីសហគមន៍អារ៉ែងជាង២០គីឡូម៉ែត្រ។ ដើម្បីធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់ព្រៃភ្នំ និង ចំណាយពេលជាង៧ម៉ោងទើបទៅដល់៕